ខែភ្ជុំនាំគ្នាផឹកស៊ីសប្បាយ បែរជាកើតជាជម្លោះពាក្យសម្ដី ម្នាក់ដេកគុក ម្នាក់ទៀតដេកក្នុងក្ដាមឈូ

September 15, 2020 330

 

ស្វាយរៀង ​៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានប្រើហិង្សាយកដែកទួណឺវីស ចាក់ចំបំពង់.កខាងឆ្វេង និងចំបបូរមាត់ខាងលើ បណ្ដាលឱ្យបុរសម្នាក់ស្លាប់ ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយពីមានជម្លោះពេលផឹកស៊ី។ ការឃាត់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅភូមិក្បាលថ្នល់ ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលស្រុក បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ឈុំ ផុន អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិក្បាលថ្នល់ ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។ ចំណែកឯជនរងគ្រោះដែលស្លាប់ ឈ្មោះ ប៊ុត នុត អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិឃុំជាមួយគ្នា។

ប្រភពបន្តថា នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងប៉ុស្ដិ៍រដ្ឋបាលត្នោត បានទទួលពាក្យបណ្ដឹងផ្ទាល់មាត់ ពីឈ្មោះ សៀត ភ័ស្ត្រ ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិក្បាលថ្នល់ ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀងថា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៦និង១០នាទីល្ងាច ជនសង្ស័យបានផឹកស៊ីជាមួយជនរងគ្រោះ ហើយក៏មានទំនាស់ពាក្យសម្តីគ្នាយ៉ាងខ្លាំង ខណៈនោះស្រាប់តែជនសង្ស័យបានប្រើហិង្សា ដោយយកដែកទួណឺវីស ចាក់ចំបំពង់.កខាងឆ្វេង ១កន្លែង និងចំបបូរមាត់ខាងលើ ១កន្លែង បណ្ដាលឱ្យរងរបួសជាទម្ងន់ ត្រូវបានបងប្អូន និងក្រុមគ្រួសារ បញ្ជូនទៅមន្ទីរពេទ្យបង្អែកជីភូ តែជាអកុសលដោយសារមុខរបួសធ្ងន់ពេក ជនរងគ្រោះក៏បានស្លាប់ទាំងសោកសង្រេងបំផុត។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួននៅប៉ុស្ដិ៍រដ្ឋបាលឃុំត្នោត ដើម្បីចាត់ការតាមច្បាប់៕

Loading...