លោកស្រី ត្សៃ អ៊ីងវិន៖ យន្តហោះយោធាចិន ហោះចូលមកជិតកោះតៃវ៉ាន់ គឺជាការគម្រាមកំហែងមួយ ចំពោះតំបន់ទាំងមូល

September 21, 2020 67

កោះតៃវ៉ាន់ ៖ លោកស្រី ត្សៃ អ៊ីងវិន ប្រធានាធិបតីតៃវ៉ាន់ បានមានប្រសាសន៍នៅថ្ងៃអាទិត្យនេះថា រយៈពេលពីរថ្ងៃ ដែលយន្តហោះយោធាចិន ហោះចូលមកជិតកោះតៃវ៉ាន់ បង្ហាញឲ្យឃើញថា ទីក្រុងប៉េកាំង គឺជាការគម្រាមកំហែងមួយ ចំពោះតំបន់ទាំងមូល និងបានបង្ហាញឲ្យប្រជាជនតៃវ៉ាន់ ឃើញកាន់តែច្បាស់ នូវធាតុពិតរបស់រដ្ឋាភិបាលចិន។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រនិងថ្ងៃសៅរ៍ យន្តហោះចិនជាច្រើនគ្រឿង បានហោះហើរឆ្លងបន្ទាត់ កណ្ដាលច្រកសមុទ្រតៃវ៉ាន់ និងចូលទៅក្នុងតំបន់កំណត់ ការពារដែនអាកាសរបស់តៃវ៉ាន់ ធ្វើឲ្យទីក្រុងតៃប៉ិចេញយន្តហោះ យ៉ាងប្រញាប់ប្រញាល់ ដើម្បីធ្វើការទប់ស្កាត់។

ក្នុងខណៈថ្លែងប្រាប់អ្នកសារព័ត៌មាន លោកស្រី ត្សៃ អ៊ីងវិន បានធ្វើការថ្កោលទោសសមយុទ្ធចិន និងបាននិយាយដូច្នេះថា “ខ្ញុំជឿថា សកម្មភាពទាំងនេះ គឺមិនជួយអ្វីដល់មុខមាត់របស់ចិន នៅលើឆាកអន្តរជាតិទេ ហើយលើសនេះទៅទៀតនោះ បានធ្វើឲ្យជនជាតិតៃវ៉ាន់កាន់តែ បន្ថែមការយាមការពារ ដោយយល់កាន់តែច្បាស់ នូវធាតុពិតរបស់របបកុម្មុយនិស្តចិន”៕

Loading...