នាយឧត្តមសេនីយ៍ នេត សាវឿន អញ្ជើញប្រកាសផ្ទេភារកិច្ច និងតែងតាំងមុខតំណែងស្នងការនគរបាលខេត្តកំពង់ធំ

September 21, 2020 83

កំពង់ធំ ៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាគណៈអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។

ក្នុងអង្គពិធីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍គាំទ្រប្រសាសន៍លើកឡើងរបស់អភិបាលខេត្តកំពង់ធំ ឯកឧត្តម សុខ លូ និងស្នើឱ្យស្នងការដែលទើបទទួលបានភារកិច្ចថ្មី អនុវត្តតាមប្រសាសន៍របស់ឯកឧត្តមអភិបាលខេត្ត ត្រូវសហការ និងគោរពឱ្យបានម៉ឺងម៉ាត់បំផុត។ នាយឧត្តមសេនីយ៍ ជំនួសមុខឲ្យសម្ដេចក្រឡាហោម ស ខេង បានថ្លែងកោតសរសើរដល់គណៈបញ្ជាការឯកភាពខេត្ត​ ដែលបានចូលរួមសហការល្អនាពេលកន្លងមក ហើយសំណូមពរឱ្យបន្តកិច្ចសហការល្អបន្ថែមទៀត។

នាយឧត្តមសេនីយ៍ នេត សាវឿន បានបន្ថែមថា ខេត្តកំពង់ធំ គឺជាខេត្តមួយដែលនៅចំកណ្តាលប្រទេស និងជាខេត្តសេដ្ឋកិច្ចសំខាន់ទាំងផ្នែកកសិកម្ម ឧស្សាហ៍កម្ម ជលផល ជាពិសេស​ ក៏សំបូរទៅដោយធនធានរ៉ែធម្មជាតិផងដែរ។ ប៉ុន្តែនៅមានបញ្ហាប្រឈមខ្លះដែរ ដូចជាបញ្ហាបទល្មើសនេសាទ បទល្មើសព្រៃឈើ ទំនាស់សហគមន៍ និងបទល្មើសបំផ្លាញធនធានធម្មជាតិ ប៉ុន្តែក្នុងនាមគណៈបញ្ជាការខេត្តអាចធ្វើការទប់ស្កាត់បាន។ រីឯបញ្ហាសន្តិសុខ និងសុវត្ថិភាព ពិសេសគ្រោះថ្នាក់ចរាចរណ៍ និងបទល្មើសផ្សេងៗ មានការកើនឡើងផងដែរ ដូច្នេះត្រូវរួមគ្នាដោះស្រាយ។

នាយឧត្តមសេនីយ៍ នេត សាវឿន បានជម្រុញឱ្យស្នងការថ្មី ត្រូវរួមគ្នាគិត រួមសហការគ្នា គិតពីបញ្ហាប្រយោជន៍ជាតិជាធំ ដើម្បីស្តារកិត្តិយស និងបំរើប្រជាពលរដ្ឋជាធំ ទន្ទឹមនឹងនោះ គណៈបញ្ជាការឯកភាពខេត្ត និងស្នងការដែលត្រូវតែងតាំងថ្មី ត្រូវចេះព្យាករណ៍នូវសភាពការដែលកើតមានឡើងនៅពេលខាងមុខ ជាពិសេសពួកឧទ្ទាមអមិត្តមិនដែលបោះបង់បំណងបំផ្លាញរាជរដ្ឋាភិបាលស្របច្បាប់ តែងតែដឹកនាំឱ្យមានបាតុកម្ម ជាពិសេស គឺមិនអនុញ្ញាតឱ្យជនទាំងនោះមកបំផ្លាញសន្តិភាព និងសេចក្តីសុខប្រជាពលរដ្ឋនោះឡើយ។

ត្រូវការពារអោយបានដាច់ខាតនូវសន្តិភាពដែល សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានខិតខំនាំយកបានដោយលំបាក។ ក្នុងនាមជាស្នងការថ្មីត្រូវជួយដោះស្រាយបញ្ហាទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ហើយអ្វីដែលជាទុក្ខព្រួយរបស់ប្រជាពលរដ្ឋ គឺករណីបទល្មើស លួច ឆក់ ប្លន់នៅក្នុងមូលដ្ឋាន ត្រូវតែអនុវត្តនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ជួយទប់ស្កាត់បញ្ហាគ្រឿងញៀន ទប់ស្កាត់កុំអោយមានការរីករាលដាលមកដល់ទីជនបទ។ ត្រូវរួមគ្នាជួយដោះស្រាយសំដៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ ត្រូវជួយផ្សព្វផ្សាយអប់រំច្បាប់ និងអប់រំដល់អ្នកដែលប្រើប្រាស់ផ្លូវទាំងអស់ដើម្បីអោយពួកគាត់បានយល់ និងរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានមានប្រសាសន៍កោតសរសើរដល់កងកម្លាំងនគរបាលជាតិនៅទូទាំងប្រទេស ដែលបានយកចិត្តទុកដាក់ការពារក្នុងពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅទទួលបានជោគជ័យ ដោយមានការធូរស្រាលជាងឆ្នាំមុន នេះស្តែងអោយឃើញពីការដឹកនាំដ៏ប៉ិនប្រសព្វប្រកបដោយកត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមរាជរដ្ឋាភិបាល និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានដាក់ចេញនូវគោលយោបាយដឹកនាំដ៏ត្រឹមត្រូវ។

ជាចុងក្រោយ នាយឧត្តមសេនីយ៍ នេត សាវឿន បានផ្តាំផ្ញើអោយស្នងការថ្មីចំនួន៥ចំណុច ដើម្បីអនុវត្តក្នុងតួនាទីភារកិច្ចទទួលបានជោគជ័យ៖

ទី១- ស្នងការថ្មី ត្រូវពង្រឹងតួនាទីដឹកនាំដោយផ្សារភ្ជាប់នឹង៤បញ្ហា ត្រូវទទួលខុសត្រូវខ្ពស់ជាងគេ ត្រូវចាត់ទុកខ្លួនឯងជាអាណាព្យាបាល ជាអ្នកដឹកនាំត្រូវកសាងមនោសញ្ជេតនាក្នុងអង្គភាព ចុះសាកសួរសុខទុក្ខនៅពេលមានមន្ត្រីឈឺថ្កាត់ អនុវត្តតាមសមាគមមិត្តនគរបាល(ពេលកំសត់ស្គាល់មិត្តល្អ) ត្រូវធ្វើជាគំរូគេក្នុងការបំពេញភាកិច្ច ប្រចាំការ ប្រចាំបញ្ជាចុះជាប់ជាប្រចាំជាមួយបងប្អូន ត្រូវពង្រឹងរបៀបរបបការងារ ប្រគល់ភារកិច្ចតាមឋានានុក្រម ដោយយកតាមរូបមន្តសមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ។

ទី២- ត្រូវធ្វើជាសេនាធិការគ្រប់ជ្រុងជ្រោយដល់គណៈបញ្ជាការឯកភាពខេត្ត ដើម្បីបំពេញការងារ សំដៅការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ដោយអនុវត្តតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។

ទី៣- ត្រូវលើកកម្ពស់សេវាចាំបាច់ដើម្បីបម្រើជូនប្រជាពលរដ្ឋ ការបំពេញលិខិតស្នាមរដ្ឋបាល និងធ្វើកិច្ចការដោយស្មោះត្រង់ដោយឥតលក្ខខណ្ឌ និងទទួលខុសត្រូវ មិនកោសរូសចាត់ទុកប្រជាពលរដ្ឋជាឪពុកម្តាយ មេប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវបំពេញកិច្ចការដោយចេញពីបេះដូងដើម្បីអោយពលរដ្ឋមានភាពកក់ក្តៅ ជាពិសេសអោយពួកគាត់មានភាពជឿជាក់លើនគរបាល។ ត្រូវអនុវត្តវិន័យចំពោះមន្ត្រីនគរបាលណាដែលប្រព្រឹត្តកំហុស ដោយមិនមានការលើកលែងជាដាច់ខាត។

ទី៤- ពង្រឹងគុណភាពស្នងការ និងមន្ត្រីនគរបាលទាំងអស់ ក្នុងនាមជាកងកម្លាំងត្រូវមានសមត្ថភាព វិន័យ គុណធម៌ សីលធម៌ និងយកចិត្តទុកដាក់បំប៉ន បើកវគ្គបណ្តុះបណ្តាល និងការរៀនសូត្រ ជាពិសេសស្ថិតក្នុងដំណាក់កាលនៃជំងឺឆ្លងកូវីដនេះ ត្រូវចេះរៀនរស់នៅតាមរបៀបថ្មី ទាំងការបំពេញការងារ ទាំងការធ្វើការព្រមទាំងការប្រកបរបរអាជីវកម្ម។

ទី៥- ត្រូវពង្រឹងសាមគ្គីភាព និងលើកទង់សាមគ្គីផ្ទៃក្នុង សហការគ្នាក្រោមដំបូលរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ដើម្បីទទួលបានភាពជោគជ័យ ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងយុទ្ធនាការសំខាន់ៗរបស់រាជរដ្ឋាភិបាល។ ត្រូវលុបចោលនូវជំងឺតួឯក ជំងឺដណ្តើមស្នាដៃ និងការដណ្តើមមុខមាត់។ ឯកឧត្តមអគ្គស្មងការនគរបាលជាតិ បន្តថា ពាក្យសន្យា និងការប្តេជ្ញាចិត្ត របស់ស្មងការថ្មីត្រូវបូករួមនិងសាមគ្គីភាពផ្ទៃក្នុងផងដែរ ទើបការអនុវត្តនោះសំរេចបានជោគជ័យ។

គួរជម្រាបថា លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ត្រូវបានផ្ទេរភារកិច្ច និងតែងតាំមុខតំណែងជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ជំនួសលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ដែលត្រូវបានផ្លាស់ប្ដូរភារកិច្ច៕

Loading...