ក្រុមហ៊ុន​ ហាន់ សុីង (Han Shin) ធ្វើផ្លូវជាតិលេខ៥ ពីកំពង់ឆ្នាំង-ខេត្តពោធិ៍សាត់ ជិត៣ឆ្នាំហើយ ដូចជាមិនសូវដំណើរការ

September 21, 2020 79

ភ្នំពេញ ៖ គេនៅចាំបានថា ក្រុមហ៊ុន ហាន់ សុីង (Han Shin) ដេញថ្លៃលើគម្រោងស្ថាបនាឡើងវិញ នូវផ្លូវជាតិលេខ៥ ពីខេត្តកំពង់ឆ្នាំង ដល់ធ្លាម្អម ខេត្តពោធិ៍សាត់ លើទឹកប្រាក់ជាង៨០លានដុល្លារអាមេរិក។ មកទល់ពេលនេះ ជិត៣ឆ្នាំទៅហើយ ការដំណើរការសាងសង់ស្ថាបនាហាក់មិនទៅមុខ បង្កផលលំបាកយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវជាតិ ខណៈក្រុមហ៊ុនបានប្រើគ្រឿងចក្រកាយដី រួចទុកចោលរាប់ខែ បង្កជារណ្តៅជ្រៅៗ ធ្វើឱ្យប្រជាពលរដ្ឋជួបបញ្ហាខ្លាំងក្នុងការបើកម៉ូតូ កង់ ឡាន បរទេះគោ-ក្របី ចូលផ្ទះ និងបង្កគ្រោះថ្នាក់ចរាចរណ៍ជាដើម។

អ្នកធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៥ រអ៊ូរទាំពីការស្ថាបនានេះ ធ្វើអូសបន្លាយពេលសំបូរដោយគំហុក ហុយ បើកកាត់ម្តងៗស្ទើរគ្រុន បើស្ត្រីមានផ្ទៃពោះវិញ ត្រូវប្រុងប្រយ័ត្នពីសុខភាព ខណៈមានកន្លែងរលាក់ច្រើន ខុសពីការស្ថាបនាពីក្រុមហ៊ុនផ្សេងៗ។

កម្មករក៏ដូចជាក្រុមការងារបានបង្ហើបថា ក្រុមហ៊ុន ហាន់ សុីង (Han Shin) ខ្វះលក្ខណៈសម្បត្តិគ្រប់គ្រាន់ សំខាន់គ្រឿងចក្រ សម្ភារជាមធ្យោបាយដំណើរការឱ្យការស្ថាបនាផ្លូវ ដែលខ្លួនដេញថ្លៃបាន។ ជាទម្លាប់ក្រុមហ៊ុននេះបាន(សាប់បន្ត) ម៉ៅការបន្តឱ្យក្រុមហ៊ុនតូចៗជាច្រើន ហើយក្រុមហ៊ុនខ្លះធ្វើមិនទៅមុខ ខ្លះទៀតរត់ចោល ខណៈម៉ៅការមិនចំណេញ បង្កើតជាការរាំងស្ទះការងារជាហូរហែ។

កម្មករនិយាយថា៖ ក្រុមហ៊ុន ហាន់ សុីង (Han Shin) ធ្វើផ្លូវជាតិលេខ៥ ពីកំពង់ឆ្នាំង-ខេត្តពោធិ៍សាត់ មានក្រុមហ៊ុនប្លែកៗមកម៉ៅការ តែមិនចាំថាក្រុមហ៊ុនណាធ្វើពិតប្រាកដ ចេញមួយចូលមួយ និងគ្រឿងចក្រ រថយន្តជាដើម ដាក់ឱ្យដំណើរជាចន្លោះៗ គ្រាន់តែឱ្យល្អមើល ថា ក្រុមហ៊ុនធ្វើការស្ថាបនាជាប់ជាប្រចាំតែប៉ុណ្ណោះ។

សូមរំលឹកថា ក្រុមហ៊ុន ហាន់ សុីង (Han Shin) ស្ថិតក្នុងបញ្ជីខ្មៅរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បន្ទាប់ពីស្ថាបនាផ្លូវជាតិលេខ២១ ពីតាខ្មៅទៅស្រុកកោះធំ កន្លែងខ្លះគ្មានគុណភាព មិនតាមស្តង់ដារ ប៉ុន្តែក្រុមហ៊ុន ហាន់ សុីង (Han Shin) នៅតែមានលក្ខណៈពិសេសដេញថ្លៃបានគ្រោងស្ថាបនានូវផ្លូវជាតិឡើងវិញ ជាបន្តបន្ទាប់ទៅវិញ..!

ពាក់ព័ន្ធករណីនេះ លោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន មិនបកស្រាយប្រាប់ឱ្យលម្អិតទេ តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ដោយលោកបញ្ជាក់ថា កំពុងមានធុរៈការងារច្រើន ហើយបង្វែឱ្យទៅសួរ លោក ឈឹម ផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់ ព្រោះគាត់ជាអ្នកកាន់ការងារនេះផ្ទាល់។

ដោយឡែក លោក ឈឹម ផល្លា បានប្រាប់ថា ការស្ថាបនាផ្លូវខាងលើ គេបានដំណើរការធម្មតា ចំពោះការយឺតយ៉ាវ ដោយសារស្ថានភាពការរាតត្បាតនៃជំងឺកូវីដ-១៩ និងចំពេលរដូវភ្លៀងធ្លាក់ផង។ លោកថ្លែងថា ទោះជាពេលនេះយឺតបន្តិចមែន តែមិនឱ្យហួសតាមការកំណត់រយៈពេលនៃដំណើរការស្ថាបនាឡើយ។

ពាក់ព័ន្ធនិងបញ្ហាខ្លះ មានការបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយសារកង្វៈខាតផ្លាកសញ្ញាចរាចរណ៍ លោកបកស្រាយថា បញ្ហានេះខ្ញុំគិតថា គេបានរៀបចំត្រឹមត្រូវហើយ ប៉ុន្តែខ្ញុំទទួលស្គាល់ថា មានកន្លែងខ្លះចន្លោះប្រហោងលើចំណុចនេះ ដូច្នេះខាងខ្ញុំបន្តយកចិត្តទុកពិនិត្យឱ្យបានដិតដល់ ហើយការធ្វើដំណើរបើកបរយឺតយូរ តាមផ្លូវលំបាកខ្លះ ដូចជាយើងដឹងស្រាប់ហើយមានឡានច្រើន និងផ្លូវកំពុងស្ថាបនា។

កន្លងមក ក្រុមហ៊ុន ហាន់ សុីង​ (Han Shin) ស្ថិតក្នុងបញ្ជីខ្មៅរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បន្ទាប់ពីស្ថាបនាផ្លូវជាតិលេខ ២១ ពីតាខ្មៅទៅស្រុកកោះធំ កន្លែងខ្លះគ្មានគុណភាព មិនតាមស្តង់ដារ ហើយបើស្ថាបនាផ្លូវជាតិលេខ៥ ពិនិត្យឃើញថា មានកំហុសបែបនេះទៀត តើគួរអនុញ្ញាតឱ្យ (Han Shin) ចូលដេញថ្លៃទៀតទេ..? លោក ឈឹម ផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសាធារណការ និងជញ្ជូន បានបញ្ជាក់ថា ជាធម្មតាការស្ថាបនាផ្លូវជាតិនិមួយៗ គឺមានការពិនិត្យយ៉ាងសុក្រិតបំផុតពីខាង (ចៃការ)ខាងក្រសួង ខាងក្រុមពិនិត្យបច្ចេកទេស ហើយគេអាចវាយតម្លៃពីគុណភាពស្តង់ដារ តែបើមិនបំពេញតាមគម្រោងនោះទេ កុំថាឡើយក្រុមហ៊ុន (Han Shin) ក្រុមហ៊ុនណាក៏ដោយ ក៏មិនអាចដេញថ្លៃបានដែរ។ លោកលើកឡើងថា លោកទេសរដ្ឋមន្ត្រីមានស្តង់ដារ ការងារច្បាស់លាស់ ប្រកបដោយភាពទទួលខុសត្រូវ គឺចុះពិនិត្យដោយផ្ទាល់និងម៉ត់ចត់បំផុត។ ដូច្នេះបើក្រុមហ៊ុនណាធ្វើមិនតាមស្តង់ដារ គឺមិនទទួលយក ជាដាច់ខាត។

សូមបញ្ជាក់ថា៖ ក្រុមហ៊ុន (Han Shin)នេះ ពិតជាបានធ្វើផ្លូវយឺតយូរមែន បើសិក្សាពីតថភាពជាក់ស្តែង ដូច្នេះគួរខាងក្រសួងពន្លឿន ហើយខាង(ចៃកា)ពិនិត្យជាក់ស្តែងពីសកម្មភាពស្ថាបនានេះផង។ មួយរយៈនេះអ្នកដំណើរសុខចិត្តចេញពីខេត្តបាត់មកកាន់ភ្នំពេញ កាត់តាមខេត្តបន្ទាយមាន សៀមរាប កំពង់ធំ កំពង់ចាម ដែលមានចំងាយដីលើសជិត២០០គីឡូម៉ែត្រឯណោះ ក្នុងហេតុផលថា ពិបាកធ្វើដំណើរពេកចំពោះការរលាក់ ជង្ហុក ហើយការស្ថាបនាមិនបានលឿន៕

Loading...