សម្តេចក្រឡាហោម ៖ ជំរឿននៅកម្ពុជា ឆ្នាំ២០១៩ មានការកែរលំអរតារាងសំណួរ ធ្វើឲ្យមានលក្ខណ:ទាន់សម័យ 

August 14, 2018 555

ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការជាតិ ជំរឿនទូទៅប្រជាជននៅកម្ពុជា នៅឆ្នាំ២០១៩ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ជំរឿននៅកម្ពុជា ឆ្នាំ២០១៩ មានការកែរលំអរតារាងសំណួរ ធ្វើឲ្យមានលក្ខណ:ទាន់សម័យ ស្របតាមតម្រូវការសូចនាករ គោលដៅអភិវឌ្ឍប្រកបដោយចីរភាព នៃរបៀបវារ:ឆ្នាំ២០១៦-២០៣០ ។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៍បានបញ្ជាក់ផងដែរថា ជំរឿន ទូទៅប្រជាជននៅកម្ពុជា ឆ្នាំ២០១៩ គឺនឹងប្រើប្រាស់ថវិកាជាតិ ស្ទើរតែទាំងស្រុងដោយគ្មានដៃគូ អភិវឌ្ឍណាមួយជួយគាំទ្រឡើយ ។ សម្ដេចក្រឡាហោ ស ខេង មានប្រសាសន៍បន្ថែមទៀតថា "ជំរឿនទូទៅប្រជាជននៅកម្ពុជា ឆ្នាំ២០១៩ គឺប្រើប្រាស់ថវិកាជាតិស្ទើរតែទាំងស្រុង ដោយគ្មានដៃគូអភិវឌ្ឍន៍ ណាមួយ ជួយយើងឡើយ លើកលែងតែអង្គការ UNFPA ដែលបានជួយលើជំនាញបច្ចេកទេស និងថវិកាក្នុងមួយកំរិតមួយ នៃលទ្ធភាពរបស់គាត់" ។ ឆ្លៀតក្នុងឱកាសនោះផងដែរ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានសង្ឃឹមថា ក្រុមការងារបច្ចេកទេស វិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ បានអនុវត្តការងារជំរឿនប្រជាជន បានដោយរលូនទៅតាមផែនការ សកម្មភាព ដែលបានគ្រោងទុក ។ សម្ដេចក្រឡាហោម  ស ខេង ក៏បានថ្លែងអំណរគុណ ចំពោះអង្គការ UNFPA ដែលបានសម្របសម្រួល ផ្ដល់ជំនួយបច្ចេកទេស និងថវិកាសម្រាប់ជំរឿនប្រជាជនកម្ពុជា ដែលជាការងារជាតិដ៏មានសារ:សំខាន់ ជាប្រវត្តិសាស្ដ្រនេះ ៕

Loading...