ពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ទន្លេសេសាន ចំនួន៦០គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមខេត្ត

August 17, 2018 183

រតនគិរី ៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អមដំណើរដោយសមាជិក សមាជិការគណៈកម្មាធិការសាខា ប្រធានអនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធមួយចំនួន នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ បានអញ្ជើញនាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមខេត្ត ចែកជូនប្រជាពលរដ្ធ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ទន្លេសេសាន ចំនួន៦០គ្រួសារ ក្នុងភូមិចំនួន៤ ឃុំកាចូន ស្រុកវើនសៃ ។ ពិធីចែកអំណោយមនុស្សធម៌នេះ ធ្វើឡើងនៅទីទួលសុវត្តិភាពមួយកន្លែង ក្នុងភូមិទៀមលើ ។

ថ្លែងទៅកាន់ប្រជាពលរដ្ឋ លោក ថង សាវុន បានពាំនាំមកនូវការសាកសួរសុខទុក្ខ និងការនឹក រលឹក និងការចូលរួមសោកស្តាយ ពីសំណាក់សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូនឹងខ្វល់ខ្វាយជានិច្ចចំពោះសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋយើង នៅទូរទាំងប្រទេស ។

លោកសង្កត់ធ្ងន់ថា កាកបាទក្រហម្ពុជា ជាសេនាធិការឲ្យរាជរដ្ឋាភិបាលលើកិច្ចការ មនុស្សធម៌ ហើយជាស្ថាប័នមួយឯករាជ្យ ដោយឈរលើគោលការណ៍គ្រឹះទាំង៧ របស់កាកបាទក្រហម អឌ្ឍច័ន្ទក្រហម អំណោយមនុស្សធម៌ របស់កាកបាទក្រហម គឺមិនប្រកាន់ពូជសាសន៍ ពណ៌សំប្បុរ ឬ និន្នាការនយោបាយអ្វីឡើយ ពោលគឺទីណាមានទុក្ខលំបាក ទីនោះមានវត្តមានកាកបាទក្រហមកម្ពុជា ចុះជួយជានិច្ច ។

លោក ថង សាវុន បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់សម្តេចគតិព្រឹទ្ធបណ្ឌិត ប្រធាន កាកបាទក្រហម ក្នុងការគៀគរធនធានពីសប្បុរសជននានា ដើម្បីកាកបាទក្រហមមានលទ្ធភាព បំពេញភារៈកិច្ចមនុស្សធម៌ជួយដល់ជនចាស់ជរា គ្មានទីពឹង ជនពិការស្ត្រីមេម៉ាយ កូនច្រើន កុមារកំព្រារ និងអ្នកកើតជំងឺអេដស៍ ជាពិសេសដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះ មហន្តរាយធម្មជាតិផ្សេងៗ។ ជាក់ស្តែង អំណោយដែលយកមកចែកជូននាពេលនេះ គឺបានមកពីសប្បុរសជននានា ថ្វីត្បិតតែមិនអាចឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់បងប្អូនក៏ពិតមែន តែក៏អាចជួយសម្រួលដល់ការលំបាកបានមួយរយៈពេល សម្រាប់បងប្អូនផងដែរ ។

លោកផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំង៦០គ្រួសារ និយាយដោយឡែក និងនិយាយរួមប្រជាពលរដ្ឋនៅស្រុកវើនសៃទាំងមូល ត្រូវប្រកាន់ខ្ជាប់នូវអនាម័យខ្លួនប្រាណ ឲ្យបានជាប់ជានិច្ច និងត្រូវហូបស្អាត ផឹកស្អាត និងការរស់ស្អាត ដើម្បីជៀសវាងនូវជំងឺដង្កាត់ផ្សេងៗ ជាពិសេស សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះកូនក្មេង និងមនុស្សចាស់ ដែលជាមុខសញ្ញាងាយរងគ្រោះ សូមមើលថែពួកគាត់ឲ្យបានគត់មត់ជៀងវាងគ្រោះថ្នាក់ដល់អាយុជីវិត ដោយយថាហេតុណា ។

​លោកក៏បានធ្វើការណែនាំដល់អាជ្ញាធរស្រុក ត្រូវប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ចុះជាប់ជាមួយប្រជាពលរដ្ឋ និងត្រូវអន្តរាគមជម្លៀសប្រជាពលរដ្ឋទៅរកទីទួលសុវត្តិភាព ឲ្យបានទាន់ពេលវេលា និងត្រូវធ្វើការតាមពីសុភាពរបស់ពួកគាត់ឲ្យបានជាប់ជាប្រចាំ ដើម្បីមានវិធានការជួយបង្ការ និងទប់ស្កាត់នូវជំងឺរាតត្បាតណាមួយ ដែលអាចកើតឡើងក្នុងអំឡុងពេលទឹកជំនន់នេះ។ ​ដោយឡែក មន្ទីរកសិកម្ម ត្រូវត្រៀមពូជស្រូវ ពូជដំណាំផ្សេងៗ សម្រាប់ចែកជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់លិចលុងផ្ទៃដីស្រែចម្ការច្បាដំណាំ មានលទ្ធភាពដាំដុះឡើងវិញ។ អំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហម ចែកជូននាពេលនេះ មួយគ្រួសារទទួលបានឃីត១កញ្ចប់ (ត្រីខ មី) ​និងកៅស៊ូតង់១ដុំ ។​

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេលជាងមួយខែកន្លងមកនេះ​ ទឹកទន្លេសេសាន បានឡើងធ្វើឲ្យស្រុកចំនួន៤ ក្នុងខេត្តរតនគិរី រងផលប៉ះពាល់ពីជំនន់ទន្លេសេសាន រួមមាន៖ ស្រុកអូរយ៉ាដាវ ស្រុកអណ្តូងមាស ស្រុកតាវែង ​និងស្រុកវ៉ឺនសៃ ។

ដោយឡែក សម្រាប់ស្រុកវើនសៃ យោងតាមរបាយការណ៍ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយស្រុក បានបង្ហាញថា ឃុំទាំង៩ របស់ស្រុកវើនសៃ បានរងផលប៉ះពាល់ក្នុងនោះមានភូមិចំនួន២៥ បានលិចលុង សរុបប្រជាពលរដ្ឋរងផលប៉ះពាល់ មានចំនួន១,២៣៩គ្រួសារ ។ ជម្លៀសទៅរកទីទួលសុវត្តិភាព ចំនួន១៤៤គ្រួសារ ស្មើនិងចំនួនមនុស្ស៤៥៦នាក់ ផ្ទៃដីស្រែលិចលុង ចំនួន១,៥៩៤,៥ហិកតា៕

Loading...