ជំនន់ទឹកភ្លៀងបន្ដលិចតំបន់មួយចំនួន​ ក្នុងរាជធានីភ្នំពេញ, ខណៈលោក ឃួង ស្រេង បន្ដដឹកនាំមន្ដ្រីជំនាញចុះពិនិត្យការបូមជម្លៀសទឹកនៅទំនប់កប់ស្រូវ និងទួលសំពៅ

October 13, 2020 94

ភ្នំពេញ ៖ ដោយសារតែស្ថានភាពមិនទាន់ធូរស្រាល នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ដែលរងការជន់លិចខ្លាំង ដោយជំនន់ទឹកភ្លៀងនោះ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបន្ដដឹកនាំមន្ដ្រីជំនាញចុះពិនិត្យការបូមទឹកដើម្បីជម្លៀសពីកន្លែងដែលជន់លិច ទម្លាក់ចូលទៅទំនប់កប់ស្រូវ និងស្ថានីយ៍ទួលសំពៅ ដែលទើបសាងសង់ថ្មី។

សេចក្ដីរាយការណ៍ បានឱ្យដឹងថា ស្ថានីយ៍បូមទឹកទួលសំពៅ មានតួនាទីយ៉ាងសំខាន់ក្នុងការបូមទឹករំដោះចេញពីតំបន់ ខាងជើង អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ និងប៉ែកខាងលិចរាជធានីភ្នំពេញ ដូចជាជម្ពូវ័ន្ដ, អូឌឹម និងកំបូលជាដើម ដើម្បីទម្លាក់ចូលទៅបឹងតាមោក។

លោក ឃួង ស្រេង បានអះអាងពេលចុះពិនិត្យនេះថា ដើម្បីសេចក្ដីរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងដើម្បីអន្ដរាគមន៍ដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងនេះ លោក និងក្រុមការងារជំនាញ នឹងខិតខំប្រឹងប្រែងរិះរកគ្រប់មធ្យោបាយទាំងអស់ ធ្វើយ៉ាងណាដោះស្រាយបញ្ហានៅចំពោះមុខនេះឲ្យខាងតែបាន មិនឲ្យប្រជាពលរដ្ឋរងទុក្ខលំបាកនោះឡើយ។

គួរជម្រាបថា ដោយសារតែឥទ្ធិពលព្យុះពីប្រទេសជិតខាង កម្ពុជានៅស្ទើទូទាំងប្រទេសកំពុងតែរងការវាយប្រហារដោយជំនន់ទឹកភ្លៀង ហើយក្នុងនោះ រាជធានីភ្នំពេញ ក៏រងនូវការជន់លិចយ៉ាងខ្លាំងផងដែរ ហើយរហូតមកដល់ព្រឹកថ្ងៃទី១៣ ខែតុលានេះ តំបន់មួយចំនួននៅបន្ដជន់លិចខ្លាំងដដែល ដូចជានៅតំបន់ត្រពាំងថ្លឹង, ភ្នំពេញថ្មី, អូឌឹម (ផ្លូវជាតិលេខ៤) និងតំបន់មួយចំនួនទៀត។

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា។ ដោយសាឥទ្ធិពល នៃព្យុះមួយចំនួន ក្រសួងធនធានទឹកបានអំពាវនាវឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ពិសេសប្រជាពលរដ្ឋរស់នៅ ទីទំនាប ក្បែរផ្លូវទឹក ជាប់តំបន់ភ្នំ និងជួរភ្នំ សូមប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី១៨ ដល់ ២០ ខែតុលា ឆ្នាំ២០២០នេះ។

ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់ប្រជានេសាទ និងអ្នកដំណើរតាមសមុទ្រ សូមប្រុងប្រយ័ត្នចំពោះភ្លៀងធ្លាក់លាយឡំ ខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី១៦-២០ ខែតុលា ឆ្នាំ២០២០៕  

Loading...