ឧត្ដមសេនីយ៍ត្រី ហ៊ុន គឹមជាតិ និងក្រុមហ៊ុន ៦៣គ្រុប ឧបត្ថម្ភអង្ករ១០០បាវ, មី១០០កេះ ដល់ប្រជាពលរដ្ឋកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅខណ្ឌដង្កោ

October 17, 2020 77

ភ្នំពេញ ៖ ដេីម្បីជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកដោយសារជំនន់ទឹកភ្លៀង ជន់លិចផ្ទះសម្បែងជាច្រេីនសង្កាត់ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ឧត្ដមសេនីយ៍ត្រី ហ៊ុន គឹមជាតិ អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងក្រុមហ៊ុន៦៣គ្រុប បានឧបត្ថម្ភនូវអង្ករ១០០បាវ មី១០០ ដេីម្បីជួយដល់ប្រជាពលរដ្ឋរាប់រយគ្រួសារ។

ក្នុងឱកាសនោះដែរ ក្រុមការងារឯកឧត្តម ក៏បានពាំនាំពីការយកចិត្តទុកដាក់គិតគូរខ្ពស់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋតាមមូលដ្ឋានពីសំណាក់ឯកឧត្តម។ សកម្មភាពមនុស្សធម៌គ្រប់ទិសទី ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈពណ៌សម្បុរអ្វីនោះឡើយ។

ឯកឧត្តមក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមអនុវត្តទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ត្រូវគិតគូរពីបញ្ហាសុខភាពអោយបានខ្ពស់ ពិសេសត្រូវរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងចេះប្រយ័ត្នប្រយែងការពារខ្លួនពីសត្វកាចសាហាវផ្សេងៗ។

សូមញ្ជាក់ថា យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ជំនន់ទឹកភ្លៀងនេះ បានប៉ះពាល់ ១៩រាជធានី-ខេត្ត ស្មើនឹង ៧១ក្រុង/ស្រុក/ខណ្ឌ។ រាជធានី-ខេត្តប៉ះពាល់នេះ រួមមាន៖ រាជធានីភ្នំពេញ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងកំពង់ធំ។

របាយការណ៍ ក៏បានឱ្យដឹងដែរថា ទឹកជំនន់នេះបានប៉ះពាល់ប្រជាពលរដ្ឋ ជាង៦ម៉ឺនគ្រួសារ ហើយពលរដ្ឋជិត៨ពាន់គ្រួសារ ស្មើនឹងជិត ៣ម៉ឺននាក់ ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព។ ជំនន់ទឹកភ្លៀង ក៏បានធ្វើប៉ះពាល់ផ្ទះជិត ៦ម៉ឺនខ្នង ខូចខាត ៥៦ខ្នង, លិចសាលារៀន ៤៥៩កន្លែង, លិចស្រូវជិត ១៧ម៉ឺនហិកតា ខូចខាតជាង ៣ម៉ឺនហិកតា, ដំណាំរួមផ្សំលិចទឹកជាង ៧ម៉ឺនហិកតា និងខូចខាតជិត ៤ម៉ឺនហិកតា។

ជំនន់ទឹកភ្លៀងនេះ ធ្វើឱ្យប៉ះពាល់ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវក្រួសក្រហម ៣៤៤គីឡូម៉ែត្រ, ផ្លូវលំជនបទ ១,៤៥៩គីឡូម៉ែត្រ។ លិចស្ពាន ២៤កន្លែង, ប៉ះពាល់ទំនប់ជាង ២២គីឡូម៉ែត្រ, ប្រឡាយទឹកជាង ៣០០គីឡូម៉ែត្រ និងប៉ះពាល់ច្រាំងទន្លេ ៤១០ម៉ែត្រ៕  

Loading...