ទេសរដ្ឋមន្ត្រី គន់ គីម៖ «ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ជាទុក្ខលំបាករបស់សម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាល»

October 17, 2020 40

បន្ទាយមានជ័យ​ ៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងនាមជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានបន្តដំណើរចុះទៅកាន់ខេត្តបន្ទាយមានជ័យទៀតហើយ ដើម្បីពិនិត្យស្ថានភាពជន់លិច និងជួយសង្គ្រោះប្រជាពលរដ្ឋ។

ក្នុងដំណើរចុះសួរសុខទុក្ខប្រជាពលរដ្ឋក្នុងស្រុកមង្គលបុរី និងសេរីសោភណ្ឌ័នៅថ្ងៃនេះក៏មានការអញ្ជើញចូលរួមពីលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

លោកទេសរដ្ឋមន្ត្រី គន់ គីម និងលោក អ៊ុ រាត្រី ក៏ដូចជាលោក ហ៊ុន ម៉ានី បានអញ្ជើញសួរសុខទុក្ខប្រជាពលរដ្ឋ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ហើយក៏បានអញ្ជើញទៅកាន់ខ្នងផ្ទះប្រជាពលរដ្ឋផងដែរ។ ក្រៅតែពីការសាកសួរសុខទុក្ខលោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បាននាំយកអំណោយជាស្បៀងអាហាររបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមួយចំនួនជូនប្រជាពលរដ្ឋផងដែរ។

នៅចំពោះមុខប្រជាពលរដ្ឋរងការជន់លិច លោកទេសរដ្ឋមន្ត្រី គន់ គីម បាននាំយកនូវការនឹករលឹក និងការចូលរួមសោកស្តាយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះពលរដ្ឋរងគ្រោះទាំងអស់។

លោក ទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ប្រាប់ប្រជាពលរដ្ឋរងការជន់លិចទាំងអ្នកជម្លៀសមកទីទួលសុវត្ថិភាព និងនៅតាមខ្នងផ្ទះថា សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមដានជាប់ជានិច្ចចំពោះការលំបាករបស់ប្រជាពលរដ្ឋកើតពីជំនន់ទឹកភ្លៀងនេះ។ លោកទេសរដ្ឋមន្ត្រីបន្តថា «សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកនឹករលឹកដល់បងប្អូនជាប់ជានិច្ច ហើយលោកបានផ្តាំផ្ញើ និងណែនាំដាច់ណាត់ឱ្យពួកយើងខ្ញុំនេះ យកចិត្តទុកដាក់ចំពោះបងប្អូនធ្វើយ៉ាងណាមិនឱ្យបងប្អូនរងគ្រោះថ្នាក់ដល់អាយុជីវិតពីទឹកជំនន់នេះ»៕  

Loading...