សម្តេចតេជោ ហ៊ុន សែន៖ ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន ខ្មែរជួយខ្មែរ ខ្មែរកាន់តែរឹងមាំ

October 17, 2020 45

ភ្នំពេញ​ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានថ្លែងថា៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បងប្អូនប្រជាពលរដ្ឋកម្ពុជា រស់នៅតាមបណ្ដាខេត្តក្រុងមួយចំនួន កំពុងរងគ្រោះដោយគ្រោះទឹកជំនន់ ដែលធ្វើឲ្យជន់លិចផ្ទះសម្បែង និងបង្កការលំបាកក្នុងការរស់នៅ។ តែទោះជាយ៉ាងណាក៏ដោយ ការជួយគ្នាក្នុងគ្រាមានអាសន្ន គឺជារឿងសំខាន់បំផុតក្នុងនាមយើងជាខ្មែរ។

សម្តេច ហ៊ុន សែន សូមថ្លែងអំណរគុណ ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់គ្រប់រាជធានី-ខេត្ត កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានចេញប្រតិបត្តិការព្រមៗគ្នា សង្គ្រោះប្រជាជនទៅកាន់ទីទួលមានសុវត្ថិភាព និងកោតសរសើរចំពោះសប្បុរសជននានា ដែលបានចូលរួមថវិកាជាបន្តបន្ទាប់ និងអរគុណដល់កាកបាទក្រហមកម្ពុជា ដែលបានចេញយុទ្ធនាការក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់នេះ នឹងអរគុណវិស័យឯកជន ដែលបានចូលរួមផ្ដល់ជូនជាទឹក សម្ភារៈប្រើប្រាស់ ជាចំណីអាហារផ្សេងៗ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយគ្រោះទឹកជំនន់នេះ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា៖ ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន ខ្មែរជួយខ្មែរ ខ្មែរកាន់តែរឹងមាំ៕

Loading...