បុរសម្នាក់​ បើករថយន្តលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ បាក់អស់២កង់

October 18, 2020 32

ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្តមួយគ្រឿង បោះពួយយ៉ាងលឿន ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់ចំនួន ២កង់ រថយន្តមិនទាន់អស់ល្បឿន រេចង្កូតទៅបុកសួនច្បារក្បែររបងព្រលានយន្តហោះអន្តរជាតិភ្នំពេញ បណ្ដាលឲ្យឪពុកកូន២នាក់ រងរបួសស្រាល ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១០និង១៧នាទីយប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមសំដីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកស៊ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BD-7837 បើកបរដោយបុរសម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ រួមដំណើរជាមួយក្មេងស្រីម្នាក់ ត្រូវជាកូន បើកបរទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ រថយន្តលឿនពេក បួងចង្កូតមិនទាន់ ជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់ចំនួន២កង់ ហើយរថយន្តមិនទាន់អស់ល្បឿន បន្តទៅបុកសួនច្បារក្បែររបងព្រលានយន្តហោះអន្តរជាតិភ្នំពេញ រងការខូចខាតរថយន្តផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ បានទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ យករថយន្តទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ៕ ដោយ៖ ផេង ភាព  

Loading...