រដ្ឋបាលសាលារាជធានីភ្នំពេញ ទទួលបានការឧបត្ថម្ភអង្ករ ចំនួន៣០០តោន ពីសប្បុរសជនជាបន្តបន្ទាប់ ដើម្បីចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់

October 18, 2020 34

ភ្នំពេញ ៖ សាលារាជធានីភ្នំពេញ ទទួលបាននូវការឧបត្ថម្ភអង្ករ ចំនួន៣០០តោន ពីសប្បុរសជន ដើម្បីចែកជូនបន្ដដល់ប្រជាពលរដ្ឋ រងគ្រោះដោយសារទឹកជំនន់។ នេះបើយោងតាមរដ្ឋបាលសាលារាជធានីភ្នំពេញ ថ្លែងប្រាប់បណ្ដាញព័ត៌មាន នៅល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ។

រដ្ឋបាលសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា សប្បុរសជនចំនួន៤រូប ដែលបានឧបត្ថម្ភអង្គរ ចំនួន២០០តោននេះ រួមមាន៖

*  អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកពិភពថ្មីគ្រុប បានឧបត្ថម្ភអង្ករចំនួន ១០០តោន

* ឧកញ៉ា ថៃ ជាហួត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ប៉េង ហួត គ្រុប ចំនួន៥០តោន

* ឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមហ៊ុន LYP Group ចំនួន៥០តោន

* ក្រុមហ៊ុន ជីបម៉ុង គ្រុប ចំនួន៥០តោន

* ឧកញ៉ា លី ហួរ ចំនួន៥០តោន។

រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា អង្ករទាំង២០០តោននេះ ប្រើសម្រាប់ចែកជូនបន្ដដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ស្ទឹងព្រែកត្នោត ពិសេសប្រជាពលរដ្ឋនៅមូលដ្ឋាន ខណ្ឌដង្កោ ដែលកំពុងជម្លៀសមកកាន់ទីទួលសុវត្ថិភាព។

សូមបញ្ជាក់ថា គ្រោះទឹកជំនន់ដែលបង្កឡើងដោយសារទឹកភ្លៀងដ៏ច្រើនលើសលប់ ព្រោះឥទ្ធិពលសម្ពាធទាប និងព្យុះចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានបណ្តាលឲ្យមនុស្ស ២០នាក់ហើយ បានស្លាប់បាត់បង់ជីវិត និងប៉ះពាល់ប្រជាពលរដ្ឋជាង ២៤ម៉ឺននាក់។

យោងតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រឹមថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ បង្ហាញឲ្យដឹងថា ជំនន់ទឹកភ្លៀងនេះ បានប៉ះពាល់១៩រាជធានី-ខេត្ត ស្មើនឹង ៧១ក្រុង/ស្រុក/ខណ្ឌ។ រាជធានី-ខេត្តប៉ះពាល់នេះ រួមមាន៖ រាជធានីភ្នំពេញ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងកំពង់ធំ។ របាយការណ៍ ក៏បានឲ្យដឹងដែរថា ទឹកជំនន់នេះ បានប៉ះពាល់ប្រជាពលរដ្ឋជាង ៦ម៉ឺនគ្រួសារ ហើយពលរដ្ឋជិត ៨ពាន់គ្រួសារ ស្មើនឹងជិត ៣ម៉ឺននាក់ ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព។

ជំនន់ទឹកភ្លៀង ក៏បានធ្វើប៉ះពាល់ផ្ទះជិត ៦ម៉ឺនខ្នង ខូចខាត ៥៦ខ្នង, លិចសាលារៀន ៤៥៩កន្លែង, លិចស្រូវជិត ១៧ម៉ឺនហិកតា ខូចខាតជាង ៣ម៉ឺនហិកតា, ដំណាំរួមផ្សំលិចទឹកជាង ៧ម៉ឺនហិកតា និងខូចខាតជិត ៤ម៉ឺនហិកតា។

ជំនន់ទឹកភ្លៀងនេះ ធ្វើឲ្យប៉ះពាល់ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវក្រួសក្រហម ៣៤៤គីឡូម៉ែត្រ, ផ្លូវលំជនបទ ១,៤៥៩គីឡូម៉ែត្រ។ លិចស្ពាន ២៤កន្លែង, ប៉ះពាល់ទំនប់ជាង ២២គីឡូម៉ែត្រ, ប្រឡាយទឹកជាង ៣០០គីឡូម៉ែត្រ និងប៉ះពាល់ច្រាំងទន្លេ ៤១០ម៉ែត្រ៕ 

 

Loading...