ខេត្តបន្ទាយមានជ័យ មានទឹកជន់លិចស្រុក-ក្រុងចំនួន៦ ប៉ះពាល់ពលរដ្ឋជាង១៥,០០០គ្រួសារ និងជាង២៧០០គ្រួសារ ត្រូវជម្លៀសទៅរកទីសុវត្ថិភាព

October 18, 2020 31

បន្ទាយមានជ័យ ៖ គិតត្រឹមព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ ទឹកជន់លិចស្រុក-ក្រុងចំនួន៦ ប៉ះពាល់ពលរដ្ឋ ជាង១៥,០០០គ្រួសារ និងជាង២៧០០គ្រួសារ ត្រូវជម្លៀសទៅរកទីសុវត្ថិភាព។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ហើយជំនន់ទឹកភ្លៀងដែលមានប្រភពហូរមកពីប្រទេសថៃ និងទឹកភ្លៀងនៅក្នុងខេត្តផងនោះ បានជន់លិចក្រុង-ស្រុកចំនួន៦ ក្នុងចំណោម៩ក្រុង-ស្រុក ដែលបណ្តាលឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ជាង១៥,០០០គ្រួសារ ចំណែកជាង ២,៧០០គ្រួសារទៀត ត្រូវបានជម្លៀសទៅរកទីទួលមានសុវត្ថិភាព។ ក្នុងនោះព្រឹកនេះលោក និងលោកទេសរដ្ឋមន្ត្រី គន់ គីម ក៏ចុះមកកាន់តំបន់ភូមិសាស្ត្រលិចទឹកនោះផងដែរ។

លោកថ្លែងថា៖ រាល់ប្រជាពលរដ្ឋដែលជួបអាសន្នខ្លាំង កងកម្លាំងជួយសង្គ្រោះបានជម្លៀសពួកគាត់ ទៅរកទីទួលមានសុវត្ថិភាព ចំណែកប្រជាពលរដ្ឋមួយចំនួន ដែលមានផ្ទះខ្ពស់ៗផុតពីកម្រិតទឹកជំនន់ ក្រុមការងារក៏បានជួយរើប្រមូលរបស់របរអីវ៉ាន់ ដាក់ទៅលើធ្នើខ្ពស់ឱ្យមានសុវត្ថិភាពផុតពីទឹកផងដែរ។

លោកអភិបាលខេត្ត បានលម្អិតថា៖ ក្រុង-ស្រុកដែលរងផលប៉ះពាល់ទាំង៦នោះ រួមមាន៖ ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ស្រុកមង្គលបូរី ស្រុកអូរជ្រៅ ស្រុកថ្មពួក និងស្រុកម៉ាឡៃ។ ចំណែកឯស្រុកចំនួនបី ដែលមិនទាន់រងផលប៉ះពាល់ខ្លាំង រួមមាន៖ ស្រុកភ្នំស្រុក ស្រុកស្វាយចេក និងស្រុកព្រះនេត្រព្រះ៕

Loading...