Breaking News៖ រញ្ជួយដីកម្រិត៧រ៉ិចទ័រ វាយប្រហារដែនកោះ Lombok ប្រទេសឥណ្ឌូនេស៊ី

August 20, 2018 188

ឥណ្ឌូនេស៊ី៖ ដែនកោះ Lombok បានរងការគ្រោះដោយការរញ្ជួយកម្រិតធ្ងន់៧រ៉ិចទ័រ បន្ទាប់ពីមានហេតុការណ៍រញ្ជួយដ៏ខ្លាំង កាលពី២សប្តាហ៍មុន បណ្តាលឲ្យមនុស្ស ជិត៥០០នាក់ បាត់បង់ជីវិត។ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅព្រឹកថ្ងៃទី២០ ខែសីហានេះ ។

កាលពីថ្ងៃអាទិត្យម្សិលមិញនេះ មានគ្រោះរញ្ជួយដីកម្រិត៦,៣រ៉ិចទ័រ បានអង្រួនដែនកោះដដែលនេះ ដែលហេតុការណ៍នេះបានកើតឡើងនៅជិតក្រុង Belanting បានបំផ្លិចបំផ្លាញផ្ទះជាច្រើនខ្នង និងមនុស្សម្នាក់ បានបាត់បង់ជីវិត និងពលរដ្ឋជាច្រើននាក់ទៀត បង្ខំចិត្តចាកចេញពីលំនៅដ្ឋាន ។

មន្ត្រីរដ្ឋាភិបាលមួយរូប បាននិយាយថា នៅមិនទាន់ដឹងច្បាស់អំពីអ្នកស្លាប់ និងរបួសនៅឡើយទេ នៅក្នុងហេតុការណ៍រញ្ជួយដីចុងក្រោយនេះ ដែលមានកម្រិត៧រ៉ិចទ័រ ។

គួររំលឹកថា កាលពីថ្ងៃទី២៩ ខែកក្កដា មានគ្រោះរញ្ជួយដីមួយបានកើតឡើងនៅលើដែនកោះនេះ បណ្តាលឲ្យមនុស្ស៤៧៦នាក់ បាត់បង់ជីវិត៕

Loading...