ពលរដ្ឋ៣២៧គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក រងផលប៉ះពាល់ដោយសារទឹកជំនន់ ទទួលបានការឧបត្តម្ភស្បៀងអាហារ ពីអាជ្ញាធរខេត្ត

October 20, 2020 52

កំពង់ធំ ៖ ប្រជាពលរដ្ឋ ៣២៧គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ទទួលបានការឧបត្ថម្ភជាស្បៀងអាហារពីអាជ្ញាធរ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃពីថ្នាក់ដឹកនាំ និងអាជ្ញាធរ។ ជាក់ស្ដែង នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ លោក សុខ លូ អភិបាលខេត្តកំពង់ធំ ដឹកនាំសហការីចុះសួរសុខទុក្ខ និងចែកអំណោយ ជាស្បៀងអាហារជូនប្រជាពលរដ្ឋ ជាង៣២៧គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ដែលកំពុងរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់។

លោក សុខ លូ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងពីរតែងតែនឹករលឹក ចង់ដឹងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង និងចាត់ទុកសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ជាសុខទុករបស់សម្តេច។

លោកបន្តថា ថ្វីត្បិតតែអំណោយទាំងអស់នេះតិចតួច មិនគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ជីវភាព ប៉ុន្តែវាក៏អាចជួយសម្រួលដល់ភាពលំបាករបស់ប្រជាពលរដ្ឋ ក្នុងដំណាក់កាលដែលមិនអាចទៅប្រកបការងារអំឡុង ពេលទឹកជំនន់កំពុងតែលិចលង់នៅតាមភូមិឋាន និងសហគមន៍។

ជំហ៊ានដំបូងរបស់ប្រជាពលរដ្ឋ គឺត្រូវរក្សាសុវត្ថិភាពខ្លួនឯង និងសមាជិកគ្រួសារនៅក្នុងបន្ទុកកុំឲ្យមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ ជាពិសេសបង្កឡើង ដោយការធ្វេសប្រហែល ធ្វើបាត់បង់សមាជិកក្នុងគ្រួសារដោយការលង់ទឹក ឬសត្វអាសិរពិសខាំជាដើម។ ក្នុងនោះប្រជាពលរដ្ឋទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវការរស់នៅប្រកបដោយអនាម័យ ជាពិសេសការហូបទឹកស្អាត ឬផឹកទឹកដាំពុះដើម្បីគេចផុតពីជំងឺដង្កាត់ផ្សេងៗ។

ជាមួយគ្នានេះ លោក សុខ លូ បានបញ្ជាក់ដែរថា នៅក្នុងខេត្តកំពង់ធំ ទឹកជំនន់នាពេលលបច្ចុប្បន្នរងផលប៉ះពាល់គ្រប់ស្រុកទាំងអស់ ប៉ុន្តែនៅក្នុងស្រុកស្ទោង បានទទួលរងផលប៉ះពាល់ខ្លាំង ជាងគេដោយសារជំនន់ទឹកភ្លៀងកើនឡើងយ៉ាងគំហុក ធ្វើលិចក្រោមផ្ទះរបស់ប្រជាពលរដ្ឋ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដែលធ្វើឲ្យពិបាកធ្វើដំណើរទៅវិញទៅមក។

លោកអភិបាលខេត្ត បានបញ្ជាក់ថា អំណោយដែលចែកជូនដល់ប្រជាពលរដ្ឋនៅពេលនេះ មានប្រមាណជាង៣២៧គ្រួសារ ដែលក្នុងមួយគ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម, មី១កេស, ទឹកត្រី២យួរ, ទឹកសុទ្ធមួយកេស និងត្រីខ១យួរ។ គួរបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានទទួលអំណោយមកពីឃុំ គឺឃុំសាគ្រាមមាន ភូមិពាមអាទិត្យ ១៣៤គ្រួសារ និងភូមិវាលចាស់៨៩ គ្រួសារ និងឃុំដូងមាន៣ភូមិ ១០៤គ្រួសារ៕  

Loading...