ចាប់ខ្លួនយុវជនម្នាក់ យោងតាមបណ្តឹងជនរងគ្រោះ​ ពីបទប៉ុនប៉ងរំលោភនារីអាយុ១៨ឆ្នាំម្នាក់ តែមិនបានសម្រេច

October 20, 2020 51

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែ១ ធ្វើការឃាត់ខ្លួន ក្រោយពេលទទួលពាក្យបណ្ដឹងពីនារីរងគ្រោះម្នាក់ ដោយចោទប្រកាន់ថា ប៉ុនប៉ងចាប់រំលោភនាង តែមិនបានសម្រេច។ ករណីឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង០៩និង១៥នាទីព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅចំណុចហាងកាហ្វេមួយកន្លែង តាមបណ្ដោយផ្លូវបេតុង ក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ឈុន ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅឃុំអរិយក្សត្រ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ចំណែកឯនារីរងគ្រោះ ឈ្មោះ ថ ក ង អាយុ១៨ឆ្នាំ ស្នាក់នៅក្នុងសង្កាត់កើតហេតុខាងលើ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាយប់ថ្ងៃកើតហេតុ ជនរងគ្រោះ និងមិត្តស្រី២នាក់ទៀត រួមទាំងជនសង្ស័យម្នាក់ទៀត ទាំងអស់៤នាក់ បានដេកនៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែង ក្រុមទី៨ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រហូតដល់ម៉ោង៥ទៀបភ្លឺ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ រួចជនសង្ស័យឃើញមិត្តភក្តិនារីរងគ្រោះដេកលង់លក់អស់ រូបគេបានអង្កិលខ្លួនទៅដេកក្បែរនាង នៅគៀនជញ្ជាំង ហើយយកដៃរបស់គេស្ទាបអង្អែលលើដងខ្លួនរបស់ជនរងគ្រោះ ហើយទៅទាញស្រាតខោឈុតដេករបស់នាងដល់ត្រឹមជង្គុង ប៉ុនប៉ងធ្វើសកម្មភាពរំលោភ តែត្រូវនារីរងគ្រោះដឹងខ្លួនទាន់ បានលើកខោងើបពីដេកក្បែរជញ្ជាំងមកដេកកណ្តាលមិត្តភ្កិវិញ។

ប្រភពបន្តថា មួយសន្ទុះក្រោយមកជនសង្ស័យ​ បានតាមទៅដេកក្បែរនារីរងគ្រោះទៀត ហើយធ្វើសកម្មភាពយកដៃរបស់គេអង្អែលថ្នមៗទៅលើដងខ្លួនរបស់នារីរងគ្រោះ រួចបានទាញខោឈុតស្រាតដល់ត្រឹមជង្គុង ហើយប៉ុនប៉ងធ្វើសកម្មភាពចាប់រំលោភជាលើកទី២ តែត្រូវនារីរងគ្រោះដឹងខ្លួនទាន់ បានរត់ឡើងទៅប្រាប់មិត្តស្រី ដែលកំពុងដេកនៅក្នុងបន្ទប់ឡៅតឿរខាងលើ បង្កឱ្យមានការភ្ញាក់ផ្អើលភ្លាមៗនោះ ជនសង្ស័យបានបើកទ្វារជិះម៉ូតូរត់គេចខ្លួនបាត់។

តាមប្រព័ត៌មានបានបន្តទៀតថា លុះព្រឹកឡើងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នារីរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ១ ដើម្បីឲ្យជួយអន្តរាគមន៍ឈានទៅឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចហាងកាហ្វេមួយកន្លែង តាមបណ្ដោយផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ យកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមនិតិវិធីច្បាប់៕ 

Loading...