លោកស្រី ម៉ែន សំអន៖ សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់ថ្នាក់ដឹកនាំ

October 20, 2020 45

ភ្នំពេញ ៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានីភ្នំពេញ បាននាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋជាង ៥០០គ្រួសារ ដែលរងគ្រោះដោយសាទឹកជំនន់ទឹកភ្លៀង នៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលពិធីបានរៀបចំនៅវត្តគោកបញ្ជាន់ នាព្រឹកថ្ងៃអង្គារ ៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹង ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។

ថ្លែងក្នុងឱកាសនោះ លោកស្រីក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីនូវក្តីនឹករលឹក និងការគិតគូរយកចិត្តទុក្ខដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ។ ជាពិសេស សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានចុះជួបនិងចែកអំណោយដោយផ្ទាល់ដល់ប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងខណ្ឌដង្កោកាលពីពេលថ្មីៗនេះ និងព្រឹកនេះសម្តេចតេជោក៏បានបន្តដំណើរទៅជួបប្រជាពលរដ្ឋដែលរងគ្រោះដោយសាទឹកជំនន់នៅខេត្តបន្ទាយមានជ័យផងដែរ ។

លោកស្រីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលពុំបានទុក្ខប្រជាពលរដ្ឋណាម្នាក់ចោលដោយអត់អាហារ និងពុំបានដោះស្រាយជូនពួកគាត់នោះទេ នៅក្នុងកាលៈទេសៈដែលតំបន់មួយចំនួនៃប្រទេសកម្ពុជាកំពុងរងគ្រោះដោយសាជំនន់ទឹកភ្លៀង និងបានជួយដោះស្រាយប្រជាពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩ រួមជាមួយគោលនយោបាយគាំពសរសង្គម ដើម្បីជួយដល់កម្មករ កម្មការិនី ជាដើម។ល។

លោកស្រីក៏បានផ្តាំផ្ញើឲ្យ៖ ១. អាជ្ញាធរត្រូវខិតខំជន្លៀសនៅពេលទឹកជន និងទឹកស្រកទៅវិញ ដោយយកចិត្តទុក្ខដាក់ថែទាំ និងមិនត្រូវឲ្យប្រជាជនស្លាប់ដោយសារលង់ទឹក។ ២. សមត្ថកិច្ចនគរបាល អាវុធហត្ថ ប្រជាការពារ ត្រូវយកចិត្ដទុកដាក់ការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅតាមផ្ទះ ដែលត្រូវជម្លៀសមកទីទួលសុវត្ថិភាព។​ ៣. បងប្អូនទាំងអស់ត្រូវប្រុងប្រយ័ត្នចំពោះក្មេងៗ ដោយមិនឲ្យនៅឆ្ងាយពីមនុស្សចាស់ ត្រូវប្រុងប្រយ័ត្នចំពោះសត្វអសិរពិស និងត្រូវមានអនាម័យជានិច្ចក្នុងពេលទទួលទានអាហារ និងត្រូវហូបទឹកស្អាត។ ៤. បងប្អូនដែលបានជន្លៀសមកកាន់ទីទួលសុត្ថិភាពហើយក៏ត្រូវគិតអំពីគម្លាតសុវត្ថិភាព ដើម្បីការពារជំងឺកូវីដ-១៩។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បានអំណរគុណដល់សប្បុរសជន ដែលបានចូលរួមឧបត្ថម្ភជាមួយរាជរដ្ឋាភិបាល ដើម្បីសង្គ្រោះប្រជាពលរដ្ឋដោយទឹកជំនន់ នៅពេលនេះ ក៏ដូចជាការចូលរួមចំណែក តាមរយៈ លោកជំទាវ និងថ្លែងអំណរគុណដល់អភិបាលរាជធានីភ្នំពេញ កម្លាំងប្រដាប់អាវុធ ប្រជាការពារភូមិអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានរួមដៃគ្នាសស្រាក់សស្រាំក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព និងការសម្របសម្រួលកម្មវិធីដោយក្រុមការងារយុវជនក្រសួង សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌពោធិ៍សែនជ័យ ដែលបានធ្វើឲ្យកម្មវិធីនេះបានដំណើរការទៅបានដោយរលូន។

អំណោយសម្រាប់មួយគ្រួសារ ទទួលបាន អង្ករ ១៥គីឡីក្រាម ទឹកដោះគោ ៥កំប៉ុង ត្រីខ ១យួរ ទឹកសុទ្ធ ១កេស មី ១កេស នំប៉័ង ១ដើម និងថវិកា ១០ម៉ឺនរៀល៕ 

Loading...