លោក សុខ ពេញវុធ ប្រាប់អង្គភាព CSN Dailyថា លោកបានប្រជុំគណៈបញ្ជាការឯកភាព និងចុះទៅបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ឆ្នោតវៀតណាម) ជាច្រើនកន្លែងក្នុងផ្សារកណ្តាល យីហោ M9

October 24, 2020 118

ភ្នំពេញ ៖ លោក សុខ ពេញវុធ អភិបាលខណ្ឌ នៃគណៈអភិបាលខណ្ឌដូនពេញ បានប្រាប់អង្គភាព CSN Daily កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះថា៖ លោកនិងប្រជុំគណៈបញ្ជាការឯកភាពខណ្ឌ និងចុះទៅបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ឆ្នោតវៀតណាម) ជាច្រើនកន្លែង ក្នុងផ្សារកណ្តាលយីហោ M9 នោះ។

សូមបញ្ជាក់ថា៖ ទីតាំងកត់ឆ្នោតវៀតណាមជាច្រើន ស្ថិតក្នុងផ្សារកណ្ដាល ផ្លូវលេខ១៣ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងតែបើកលេងដោយសេរី គ្មានការខ្លាចញញើតច្បាប់អ្វីបន្តិចសោះឡើយ ខណៈអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដូនពេញមិនទាន់ចុះបង្ក្រាប។

ប្រជាពលរដ្ឋបានប្រាប់អង្គភាពសារព័ត៌មាន CSN Daily ថា ទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់ជាច្រើន នៅក្នុងផ្សារកណ្ដាល បានបើកលេងដោយមិនមានការលាក់លៀមអ្វីនោះឡើយ ដោយពួកគាត់សង្ស័យថា មានបុគ្គលឈ្មោះ ហេង ម៉េង ជាអ្នកមើលការខុសត្រូវ។

បើទោះជាកន្លងទៅ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្លាប់បានធ្វើការព្រមានខ្លាំងៗថា លោកនឹងដកប្រធានផ្សារ និងអភិបាលខណ្ឌណាក្នុងរាជធានីភ្នំពេញ ដែលអនុញ្ញាតិឱ្យមានល្បែងកន្ទុយលេខ និងល្បែងគ្រប់ប្រភេទ នៅក្រោមដែនសមត្ថកិច្ចគ្រប់ គ្រងរបស់ខ្លួនក៏ដោយ។ ប៉ុន្តែ អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដូនពេញ ហាក់គ្មានចំណាត់ការបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ (កត់ឆ្នោតវៀតណាម) ក្នុងផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាលទី១នោះនៅឡើយទេ ព្រោះតែហេតុអ្វី,,,?

ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដូនពេញ មេត្តាជួយពិនិត្យ និងមានវិធានការចុះទៅបង្ក្រាបទីតាំងខាងលើនេះផង។ ដើម្បីកុំឲ្យកើតមានបទល្មើសដូចជា ចោរកម្ម ឃាតកម្ម ឆក់ ប្លន់ ជាដើម។

ជំវិញករណីខាងលើនេះ អង្គភាពសារព័ត៌មាន CSN Daily បានទំនាក់ទំនងទៅលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ តាមបណ្តាញសង្គម WhatsApp ដើម្បីសុំការពន្យល់ លោកអធិការបានប្រាប់ថា៖ លោកនិងមន្ត្រីជំនាញចុះទៅពិនិត្យ។

ដោយឡែក លោក ហេង ម៉េង និងលោកប្រធានផ្សារកណ្ដាល អង្គភាពយើងនៅមិនទាន់សុំការបកស្រាយបាននៅឡើយទេ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ ព្រោះគ្មានលេខទូរស័ព្ទ ហើយអង្គភាពយើងនឹងរងចាំការបំភ្លឺពីអ្នកពាក់ព័ន្ធនៅរៀងរាល់ម៉ោងធ្វើការ៕ ដោយ៖ តុង សីហា 

Loading...