រដ្ឋបាលរាជធានីភ្នំពេញ បានធូរទ្រូងមួយកំរិត រឿងសំរាមបានវិលទៅរកភាពប្រក្រតីឡើងវិញហើយ ក្រោយកម្មករចូលធ្វើការវិញ

October 24, 2020 64

ភ្នំពេញ ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះថា រដ្ឋបាលរាជធានីភ្នំពេញ បានធូរទ្រូងបន្ដិច រឿងសំរាមនៅរាជធានីភ្នំពេញ បានវិលទៅរកស្ថានភាពប្រក្រតីឡើងវិញហើយ បន្ទាប់ពីមានការខិតខំ ប្រឹងប្រែងដោយយកចិត្តទុកដាក់ និងចាត់វិធានការប្រើប្រាស់កំលាំង និងមធ្យោបាយសរុប របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងកម្មករក្រុមហ៊ុនស៊ីនទ្រី បានចូលធ្វើការវិញ ព្រមទាំងមានការខិតខំក្នុងរយៈពេលកន្លងមកនេះ។

លោក ម៉េត មាសភក្តី បានបញ្ជាក់ថា ក្នុងរយៈពេលកន្លងមកនេះ ដោយមានការចង្អុលបង្ហាញពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ ដោយមានការសម្របសម្រួលពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រសួងស្ថាប័នពាក់ពន្ធ័ផងនោះ កម្មករក្រុមហ៊ុនស៊ីនទ្រី បានព្រមចូលធ្វើការវិញទាំងអស់គ្នា ចាប់ពីរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ដោយទទួលយកនូវអ្វីដែលជាការព្រមព្រៀងគ្នា។

លោកបន្តថា បន្ទាប់ពីព្រមព្រៀងគ្នាជាលើកទី២ នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ កម្មករនិយោជិតរបស់ក្រុមហ៊ុនស៊ីនទ្រីទាំងអស់នោះ បានយល់ព្រមចូលធ្វើការវិញ តាមតួនាទីរបស់ពួកគេរៀងៗខ្លួន ព្រមទាំងមានការជួយយ៉ាងសកម្មពីក្រុមការងារដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ ទាំងមធ្យោបាយផង នោះរហូតមកដល់ពេលនេះ បញ្ហាសំរាមមានសភាពធម្មតាឡើងវិញហើយ មានន័យថា ពេលនេះការងារដូចថ្ងៃធម្មតា គឺសំរាមចាស់ត្រូវបានប្រមូល និងដឹកជញ្ជូនយកទៅទីលានចាក់សំរាមអស់ហើយ នៅសល់តែសំរាមដែលប្រជាពលរដ្ឋផលិតរាល់ថ្ងៃនោះទេ ដែលកម្មករក្រុមហ៊ុនសិនទ្រីកំពុងប្រមូលរាល់ថ្ងៃនេះ។

លោក ម៉េត មាសភក្តី បានបញ្ជាក់ថា ក្រុមការងារប្រមូលសំរាមដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញនោះ ពេលនេះបានសម្រាក ហើយ ដោយប្រគល់ការងារនេះ ឱ្យទៅកម្មកររបស់ក្រុមហ៊ុនសិនទ្រី ជាអ្នកទទួលខុសត្រូវវិញ។

ចំណែក លោក ឃួង ស្រេង ធ្លាប់បានបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ បានផលិតសំរាមចំនួន២៨៦៥តោន ក្នុងមួយថ្ងៃ ដែលកិច្ចការងារប្រមូលសំរាមនេះ រដ្ឋបាលរាជធានីភ្នំពេញ បានគិតគូរតាំងពីឆ្នាំ២០១៩មក ដោយបានចែកម៉ូតូកង់បីសំរាប់ដឹក សំរាម នៅតាមបណ្ដាខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ ជាមួយនឹងការទិញគ្រឿងចក្រ ចំនួន៧០គ្រឿង ដើម្បីដឹកជញ្ជូនសំរាមទៅចាក់ទីលានផងដែរ។

លោក ឃួ ង ស្រេង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាទុកដាក់វេចខ្ចប់ទុកដាក់សំរាមឲ្យបានល្អ និងសុំឲ្យបង់ថ្លៃសេវាប្រមូលសំរាមឲ្យបានគ្រប់ៗគ្នាផងដែរ។

សូមបញ្ជាក់ថា ចាប់តាំងពីល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ ២០២០ រហូតមកដល់ថ្ងៃទី១៤ ខែតុលា កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រីបានធ្វើកូដកម្មនៅយានដ្ឋានក្រុមហ៊ុនស៊ីនទ្រី ដែលមានទីតាំងនៅភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមិនចេញប្រមូលសំរាមដែលធ្វើឱ្យមានសំរាមកកស្ទះ នៅតាមដងផ្លូវនានា ក្នុងរាជធានីភ្នំពេញ ប៉ុន្តែចាប់ពីល្ងាចថ្ងៃទី១៤ ខែតុលានោះមក កម្មករទាំងនោះបានខិតខំធ្វើការប្រមូល និងដឹកជញ្ជូនសំរាមរហូតមក ដល់ពេលនេះទើបមានភាពល្អ ប្រសើរឡើងវិញ៕ 

Loading...