មន្ត្រីអង្គការសុខភាពពិភពលោក​៖ បណ្តាអឺរ៉ុប ត្រូវការចាត់វិធានការដ៏ម៉ឺងម៉ាត់ ដើម្បីទប់ទល់ករណីឆ្លងយ៉ាងគំហុកឡើងវិញ នៃកូវីដ-១៩

October 27, 2020 47

ហ្សឺណែវ ៖ បើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០ ឱ្យដឹងថា មន្ត្រីអង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅដើមសប្ដាហ៍នេះថា ទ្វីបអឺរ៉ុបត្រូវការ «ចាត់វិធានការណ៍យ៉ាងម៉ឺងម៉ាត់បន្ថែម» ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល (COVID-19) ហើយបញ្ហាកង្វះសមត្ថភាពក្នុងការតាមដានអ្នកជំងឺនេះ នឹងជម្រុញឲ្យមានការឆ្លងរីករាលដាលកាន់តែខ្លាំង។

នាយកផ្នែកកម្មវិធីសង្គ្រោះបន្ទាន់អង្គការ WHO លោក ម៉ៃក៍ រីយ៉ាន (Mike Ryan) បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានយ៉ាងដូច្នេះថា «ឥឡូវនេះទ្វីបអឺរ៉ុបកំពុងតែស្ថិតនៅពីក្រោយ ការគំរាមកំហែងដោយជំងឺ COVID-19 នេះនៅឡើយ ដូច្នេះការចាត់វិធានការណ៍យ៉ាងម៉ឺងម៉ាត់បន្ថែម គឺជារឿងដែលទ្វីបអឺរ៉ុបត្រូវតែធ្វើ បើទោះបីជាមានការកើនឡើងនូវសមត្ថភាពព្យាបាលអ្នកជំងឺ COVID-19 កំពុងសម្រាកនៅមន្ទីរពេទ្យនៅក្នុងទ្វីបអឺរ៉ុប ដែលអាចធ្វើឲ្យអត្រាមរណភាពមានការថយចុះក៏ដោយ»។

បន្ថែមពីនេះ ទ្វីបអ៊ឺរ៉ុបក៏កំពុងតែមើលឃើញនូវករណីឆ្លង COVID-19 មួយចំនួនធំផងដែរ ដោយសារតែមានការខ្វះខាតនូវសម្ថតភាព ក្នុងការតាមដានអ្នកជំងឺនេះ ទើបបានជាជម្រុញឲ្យមានការឆ្លងរីករាលដាលកាន់តែខ្លាំង។ លោក Ryan បានគូសបញ្ជាក់ជុំវិញបញ្ហានេះទៀតថា «ពេលនេះ ប្រទេសជាច្រើនកំពុងប្រឈមនឹងការបិទទ្វារ នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ប៉ុន្តែវាមិនមែនជាស្ថានភាពដែលខ្ញុំប្រាកដថា ប្រទេសណាមួយនៅក្នុងទ្វីបអឺរ៉ុប ឬនៅលើពិភពលោកចង់ជួបប្រទះនោះទេ»។

ទន្ទឹមនឹងនេះ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) ក៏បានលើកឡើងដូច្នេះថា «ក្នុងអំឡុងពេលរលកដំបូងនៃ COVID-19 ប្រទេសអ៊ីតាលី និងអេស្ប៉ាញក៏បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារអ្នកដែលងាយរងគ្រោះផងដែរ ហើយក្នុងពេលតែមួយនោះ គឺពិតជាបានកាត់បន្ថយនូវករណីឆ្លងពិតប្រាកដមែន ព្រោះការរួបរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងវាមានសារៈសំខាន់ណាស់ ដែលរដ្ឋាភិបាល និងពលរដ្ឋទាំងអស់ ចាំបាច់ត្រូវចូលរួមចំណែក និងត្រូវតែធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលនេះ»។

គួរជម្រាបថា បើយោងតាមគេហទំព័រ Worldometers បច្ចុប្បន្ននេះ ទ្វីបអ៊ឺរ៉ុបបានកត់ត្រានូវករណីឆ្លង COVID-19 នៅទូទាំងទ្វីបជាង ៨,៦២៨,០០០ករណី ក្នុងនោះមានអ្នកស្លាប់ជាង ២៥២,០០០នាក់ និងជាសះស្បើយជាង ៣,៤៩៦,០០០នាក់៕

Loading...