ពិតជាអនិច្ចាណាស់! កូនម្នាក់លង់ទឹកស្លាប់ ចំណែកម្នាក់ទៀត កំពុងសង្គ្រោះនៅមន្ទីរពេទ្យ គ្រាឪពុករវល់រាយសន្ទូច

November 20, 2020 59

បន្ទាយមានជ័យ ៖ ពិតជាអនិច្ចាណាស់! ឪពុកនាំកូនស្រី២នាក់ ទៅដាក់បង្កៃយកត្រី ធ្វើឲ្យទាំង២ចុះលេងទឹក បណ្តាលឲ្យលង់ស្លាប់ម្នាក់ និងចំណែកម្នាក់ទៀត កំពុងសង្គ្រោះនៅមន្ទីរពេទ្យ។ ករណីក្មេងលង់ទឹកកាលវេលាម៉ោង៤ល្ងាច ថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចអូរស្ងួតចម្ងាចប្រហែល១គីឡូម៉ែត្រ ខាងកើតភូមិអូរដង្កោ ឃុំរហាត់ទឹក ស្រុកមង្គលបូរី។

លោកអធិការនគរបាលស្រុកមង្គលបូរី បានប្រាប់ថា ក្មេងរងគ្រោះទាំង២នាក់ បងស្រីឈ្មោះ ខន សុខលាង អាយុ៧ឆ្នាំ ស្លាប់ និងប្អូនស្រី ឈ្មោះ ខន សុខលីន អាយុ ២ឆ្នាំ ត្រូវបានក្រុមគ្រួសារយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យធំស្រុកមង្គលបូរី។

លោកអធិការបន្តថា នៅមុនពេលកើងហេតុនោះ ឪពុកបានទៅដាក់បង្កៃនៅចំណុចខាងលើ ហើយបានយកកូនស្រីទាំង២នាក់ទៅជាមួយ ស្របពេលនោះ ឪពុកបានឆ្លងប្រឡាយទៅដាក់បង្កៃ ដោយទុកកូននៅម្ខាងប្រឡាយ លុះដាក់បានប្រហែល៣០បង្កៃ ឃើញកូនលង់ទឹកក៏ស្ទុះរត់ទៅជួយស្រង់យកមកផ្ទះ រួចក៏បញ្ជូនទៅពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី។

ក្រោយពេលដែលក្រុមគ្រូពេទ្យជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់រួចមក ប្អូនស្រីឈ្មោះ ខន សុខលីន សង្គ្រោះបានរួចផុតពីសេចក្តីស្លាប់ ចំណែកឈ្មោះ ខន សុខលាងអាយុ៧ឆ្នាំ ជាបងស្រីបានស្លាប់។ សពត្រូវបានក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្តីសង្វេគពន់ពេក៕ 

Loading...