​Update៖ នគរបាលខណ្ឌពោធិ៍សែនជ័យ​ ដោះលែងប៉ូលិសដែលដកកាំភ្លើងគំរាមបាញ់សម្លាប់ប៉ូលិសដូចគ្នា ឱ្យមានសេរីភាពវិញហើយ

November 20, 2020 87

ភ្នំពេញ ៖ តាមប្រភពព័ត៌មានច្បាស់ការណ៍មួយ សុំមិនបញ្ចេញអត្តសញ្ញាណ បានឱ្យដឹងថា ក្រោយចរចារគ្នាត្រូវរ៉ូវ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នគរបាលខណ្ឌពោធិ៍សែនជ័យ បានដោះលែងប៉ូលិសម្នាក់​ ដែលដកកាំភ្លើងគំរាមបាញ់សម្លាប់ប៉ូលិស ឱ្យមានសេរីភាពវិញហើយ។​ ប្រភពព័ត៌មានដដែលបន្តថា ទោះបីមានការដោះលែងមែន តែសំណុំរឿងនៅតែបញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធី ដដែល។

ទោះបីយ៉ាងណា អង្គភាពសារព័ត៌មាន CSN Daily ពុំអាចទំនាក់ទំនងសុំការបញ្ជាក់ពីលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានទេ ដោយសារលោកអធិការ ឆ្លើយរបថា កំពុងជាប់ប្រជុំ រួចក៏ចុចបិទទូរស័ព្ទ។

យោងមាត្រា៧៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ចែងថា «ក្នុងករណីណាក៏ដោយ មន្ត្រីនគរបាលយុត្តិធម៌មិនអាចតម្កល់រឿងព្រហ្មទណ្ឌណាមួយទុកឥតចាត់ការបានទេ ទោះបីជាក្រោយពីមានការសម្រុះសម្រួលគ្នារវាងជនល្មើសនិងជនរងគ្រោះ ឬ ក៏មានការដកពាក្យបណ្តឹងក៏ដោយ»។

មាត្រា៧៥ ដដែល បន្តថា «មន្ត្រីនគរបាលយុត្តិធម៌ដែលរក្សាទុកកំណត់ហេតុ ឬ វត្ថុតាងដោយចេតនា ឬ ក៏លាក់កំបាំងដល់អាជ្ញាធរតុលាការអំពីអត្ថិភាពនៃកំណត់ហេតុ ឬ វត្ថុតាង ត្រូវចាត់ទុកថា មន្ត្រីនគរបាលនោះ បានប្រព្រឹត្តបទល្មើសដែលត្រូវផ្តន្ទាទោសតាមក្រមព្រហ្មទណ្ឌពាក់ព័ន្ធនឹងជំពូកស្តីពីការស្រាវជ្រាវរកវត្ថុតាង»។

គួររំលឹកថា នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនមន្ត្រីនគរបាលអន្តរាគមន៍ព្រែកឯង ម្នាក់ ពាក់ព័ន្ធបទល្មើសដកកាំភ្លើងបញ្ចូលគ្រាប់គំរាមបាញ់សម្លាប់ប៉ូលិសដូចគ្នា និងជាមិត្តភក្តិគ្នាផងដែរ ដោយសារជម្លោះក្នុងវង់ផឹកស៊ី។ សមត្ថកិច្ចបានឃាត់ខ្លួនប៉ូលិសរូបនេះ នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យជាប៉ូលិសរូបនេះ មានឈ្មោះ រ៉េត សុគន្ធ អាយុ២៦ឆ្នាំ ជាមន្ត្រីនគរបាលអន្តរាគមន៍ព្រែកឯង។ ចំណែកជនរងគ្រោះឈ្មោះ ប៉ុន សិទ្ធារាជ្យ អាយុ២៦ឆ្នាំ ជាមន្ត្រីប៉ូលិសដូចគ្នា។

អង្គហេតុនៃករណីនេះ ត្រូវបានសមត្ថកិច្ចបានថ្លែងថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១០៖៣០នាទីយប់ ជនសង្ស័យនិងជនរងគ្រោះជាមិត្តភក្តិនឹងគ្នា បាននាំគ្នាទៅផឹកស៊ី ក្នុងភោជនីយដ្ឋានមួយ យីហោ ហ្ស៊ឹម ស្ថិតនៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ជាមួយមិត្តភក្តិផ្សេងទៀត ប្រហែល១០នាក់។

លុះពេលផឹកស៊ីបានមួយសន្ទុះក្រោយមក ជនសង្ស័យឈ្មោះ រ៉េត សុគន្ធ បានហុចបារីមួយដើមទៅឱ្យជនរងគ្រោះឈ្មោះ ប៉ុន សិទ្ធារាជ្យ ។ ប៉ុន្តែនៅពេលហុចបារីនោះ បារីបានធ្លាក់ទៅលើដី ហើយជនសង្ស័យក៏អោនរើសបារីដែលធ្លាក់ទៅលើដី ហុចទៅឱ្យជនរងគ្រោះ តែជនរងគ្រោះមិនព្រមយក ដោយចង់បានបារីថ្មី ធ្វើឱ្យជនសង្ស័យ និយាយថា ជនរងគ្រោះមើលងាយខ្លួន។

ក្រោយមក ជនសង្ស័យបានទាញអាវុធខ្លីម៉ាក Lock19 ផលិតនៅប្រទេស USA ចេញពីកាបូបដាក់សម្ភារៈ មកបញ្ចូលគ្រាប់ រួចភ្ជង់គំរាមបាញ់ទៅលើជនរងគ្រោះ ប៉ុន សិទ្ធារាជ្យ។ ប៉ុន្តែពេលនោះ ក៏ត្រូវបានមិត្តភក្តិរួមតុជាមួយគ្នា បានឃាត់ចេញបំបែកចេញពីរៀងៗខ្លួន ហើយជនសង្ស័យបានរត់គេចខ្លួន ។ ចំណែកជនរងគ្រោះ បានដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។​បន្ទាប់មក នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ចក៏តាមចាប់ខ្លួនជនសង្ស័យបានតែម្តង៕ 

Loading...