សត្វគ្រួច ចំនួន៥០កេះ ស្មើនឹង ១,៥០០គីឡូក្រាម គ្មានលិខិតអនុញ្ញាត ត្រូវមន្រ្តីជំនាញស្ទាក់ចាប់បាន នៅច្រកព្រែកចាក

November 20, 2020 53

កំពត​ ៖ សត្វគ្រួច ចំនួន៥០កេះ ស្មើនឹង ១,៥០០គីឡូក្រាម ត្រូវបានមន្រ្តីជំនាញសុខភាពសត្វ និងផលិតកម្មសត្វ ស្ទាក់ចាប់បាន នៅវេលាម៉ោង០១និង១២នាទីរំលងអធ្រាត្រ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលដឹកមកពីប្រទេសវៀតណាម ចូលមកកម្ពុជា តាមច្រកព្រែកចាក ខេត្តកំពត ឆ្ពោះទៅចែកចាយនៅឯរាជធានីភ្នំពេញ។

ការស្ទាក់ចាប់សត្វគ្រួចនេះ ធ្វើឡើងក្រោមការបញ្ជាដោយផ្ទាល់ពីលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឲ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ។

បើតាមការបញ្ជាក់ពីមន្រ្តីជំនាញថា ការចុះស្ទាក់ចាប់រថយន្ត០១គ្រឿង ម៉ាក HYUNDAI ពណ៌ស ជាប្រភេទរថយន្តដឹកទំនិញ ចំណុះ៣,៥តោន ពាក់ស្លាកលេខ កំពត 3A-0970 ដឹកសត្វគ្រួចបង្កក ចំនួន៥០កេះ ស្មើនឹង ១,៥០០គីឡូក្រាម ដឹកចេញមកពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា តាមច្រកព្រែកចាក ខេត្តកំពត ឆ្ពោះទៅចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតដឹកជញ្ជូនសត្វពីក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ ក្រុមការងារបានឃាត់លើផ្លូវជាតិលេខ៣ ភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោរ រាជធានីភ្នំពេញ។

បច្ចុប្បន្ន ក្រុមការងារបាននាំយកវត្ថុតាង និងបទល្មើសខាងលើនេះ ទៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕ 

Loading...