អាវុធហត្ថសែនសុខ ឃាត់ខ្លួនលោកស័ក្តិ៥ ហ៊ីម សំបូរ ដែលខឹងក្មេងអាយុ១១ឆ្នាំ, យកកាំភ្លើង មកជេរប្រមាថ និងគំរាមកំហែងសម្លាប់ទាំងគ្រួសារ នោះបានហើយ

November 21, 2020 53

ភ្នំពេញ ៖ លោក ព្រុំ ស័ក្ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ បានប្រាប់អង្គភាពសារព័ត៌មាន CSN Daily ថា ខណៈនេះជនសង្ស័យឈ្មោះ ហ៊ីម សំបូរ ខឹងក្មេងអាយុ១១ឆ្នាំ, យកកាំភ្លើង មកជេរប្រមាថ និងគំរាមកំហែងសម្លាប់ទាំងគ្រួសារនោះ ឃាត់ខ្លួនបានហើយ កំពុងសាកសួនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ។ លោកមេបញ្ជាការ បន្តទៀតថា បច្ចុប្បន្នខាងជំនាញកំពុងអញ្ជើញដើមបណ្តឹងមកធ្វើការសម្របសម្រួលបើមិនត្រូវគ្នាទេ ខាងជំនាញកសាងសំណុំរឿងបញ្ជូនទៅបញ្ជាការរដ្ឋានកងរាជអាវុធហត្ថក្រុង។

យោងតាមពាក្យបណ្តឹង ដែលអង្គភាពសារព័ត៌មាន CSN Daily ទទួលបាននៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ជនរងគ្រោះមានរូបភាពកាន់កាំភ្លើង និងវីដេអូឃ្លីប និងបានដាក់ពាក្យបណ្តឹងចូលមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ ក្នុងបទល្មើសជាក់ស្តែង។

ក្នុងពាក្យបណ្តឹងបានលើកឡើងថា នាងខ្ញុំឈ្មោះ អ៊ុក ស្រីរិន ជនជាតិខ្មែរ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខៈ ០១០៩៨១១៣៩ ទីលំនៅប់ច្ចុប្បន្ន ផ្ទះលេខ១៤៧បេ ផ្លូវ២៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ សូមគោរពជូនលោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌសែនសុខ ជាទីគោរពដ៏ខ្ពង់ខ្ពស់។

សុំប្តឹងពីឈ្មោះ ហ៊ីម សំបូរ ភេទប្រុស កើតថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៦២ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ ផ្លូវ២៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបច្ចុប្បន្នបំម្រើការងារនៅបញ្ជាការដ្ឋានកងទ័ពជើងអាកាស មានឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ឯក បានជេរប្រមាថ សំឡុត និងគំរាមកំហែងសម្លាប់ទាំងគ្រួសារ ដោយអាវុធខ្លីកាន់ដើរមកសំដៅកន្លែងអ៊ុតសក់នាងខ្ញុំ។

ជនរងគ្រោះបានបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៨និង២០នាទី នៅចំណុចមុខផ្ទះលេខ២៤៦ ផ្លូវ២៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឈ្មោះ ហ៊ឹម សំបូរ ដែលមានដីផ្ទះជិតផ្ទះនាងខ្ញុំ បានដើរកាន់កាន់អាវុធខ្លីមិនស្គាល់ម៉ាកចំនួន ០១(មួយ) ដើមកាន់មុខផ្ទះនាងខ្ញុំ ឆ្ពោះទៅហាងអ៊ុតសក់នាងខ្ញុំយីហោ​ (ជីជី សាឡន) ដោយបានធ្វើការសំឡុត និងគំរាមកំហែងសម្លាប់ទាំងគ្រួសារ ដោយអាវុធខ្លី។ នាងខ្ញុំសូមបញ្ជាក់ផងដែរថា ឈ្មោះ ហ៊ឹម សំបូរ តែងតែរករឿងឈ្លោះជាមួយក្រុមគ្រួសារនាងខ្ញុំជាញឹកញាប់ ចាប់តាំងពីនាងខ្ញុំបានសាងសង់ផ្ទះល្វែងអំពីថ្មរួចមក ឈ្មោះនេះតែងតែមិនពេញចិត្តនឹងក្រុមគ្រួសារនាងខ្ញុំ។ លើសពីនេះទៅទៀត ឈ្មោះ ហ៊ីម សំបូរ នេះ តែងតែកាន់អាវុធខ្លីដើរគំរាមកំហែងអ្នកជិតខាងណា ដែលបានឈ្លោះជាមួយគេ ហើយសំឡុត និងបានបោះពាក្យសម្តីថាហែងធ្វើមិនឈ្នះអញទេ ដែលទង្វើទាំងនេះ គឺជាអំពើដែលខុសនឹងផ្លូវច្បាប់ទាំងស្រុង ព្រោះឈ្មោះខាងលើនេះ ក្នុងនាមជាសមត្ថកិច្ចផងដែរ ដឹងច្បាប់ហើយនៅតែប្រព្រឹត្តខុស ទង្វើទាំងអស់នេះធ្វើឱ្យនាងខ្ញុំរស់នៅមិនបានសុខ ដោយការគំរាមកំហែងថា សម្លាប់ទាំងគ្រួសារ ហើយបុរសនោះតែងនិយាយថា «ដោយសុខចិត្តស្លាប់ផងដែរ»។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមលោកមេបញ្ជាការ មេត្តាពិនិត្យ និងជួយរកយុត្តិធម៌ជូននាងខ្ញុំ ស្របតាមនីតិវិធីច្បាប់ ដោយក្ដីអនុគ្រោះ។

ពាក់ព័ន្ធករណីខាងលោក ព្រុំ ស័ក្ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ អង្គភាពសារព័ត៌មាន CSN Daily មិនអាចទាក់ទងបានទេ នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកានេះ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។

ទោះជាយ៉ាងណាក៏ដោយ សមត្ថកិច្ចមានសិទ្ធិឃាត់ខ្លួនជនបង្កជានាយទាហានតាមនីតិវិធី និងការពារបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន មិនត្រូវឱ្យអ្នកមានអាវុធ មានអំណាច ប្រើកាំភ្លើងតាមអំពើចិត្តគម្រាម ជេរសំឡុត អ្នកជិតខាងតាមអំពើចិត្តឡើយ។

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រាប់សារព័ត៌មានក្នុងស្រុកថា លោកនឹងចាត់ចែងរឿងនេះ និងសួរនាំទៅសមត្ថកិច្ចមូលដ្ឋានជាបន្ទាន់ផងដែរ៕ ដោយ៖ តុង សីហា

Loading...