ក្រសួងសុខាភិបាល ប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ម្នាក់ ទើបមកពីអាមេរិក និងអ្នកជាសះស្បើយម្នាក់ គឺលោក សរ ចិត្រា អគ្គលេខាធិការងក្រសួងកសិកម្ម

November 21, 2020 53

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីម្នាក់ ដែលជាអ្នកធ្វើដំណើរមកពីអាមេរិក និងអ្នកជាសះស្បើយម្នាក់ផងដែរ គឺលោក សរ ចិត្រា អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលឆ្លងកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ថ្ងៃទី០៣ ខែវិច្ឆិកា។

សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩ថ្មីម្នាក់នោះ គឺជាបុរសជនជាតិខ្មែរ អាយុ៥៩ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តសំណាករបស់គាត់ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមានកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់សម្រាក់ព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

ក្រសួងសុខាភិបាល បានបញ្ជាក់ទៀតថា ចំណែកលោក សរ ចិត្រា អាយុ៤៧ឆ្នាំ ដែលជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ០៣ វិច្ឆិកា បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានកូវីដ-១៩ ចំនួន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាមានរកឃើញអ្នកឆ្លងសរុប៣០៥នាក់ (ស្ត្រី៦២នាក់ និងបុរស ២៤៣នាក់) ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ២៩៥នាក់ និងកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន១០នាក់៕ 

Loading...