អូស្ដ្រាលី ប្រកាសផ្ដល់ជំនួយវ៉ាក់សាំង COVID-19 ដល់កម្ពុជា នៅពេល WHO ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅពេលខាងមុខ

November 21, 2020 60

ភ្នំពេញ ៖ លោក Pablo Kang ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលីប្រចាំកម្ពុជា បានថ្លែងថា ប្រទេសរបស់ខ្លួន នឹងផ្ដល់ជំនួយវ៉ាក់សាំង COVID-19 ដល់កម្ពុជា នៅពេលដែលអង្គការសុខភាពពិភពលោក (WHO) ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅពេលខាងមុខ។

ការថ្លែងបែបនេះ របស់លោក Pablo Kang ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅរសៀលថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០២០ នាទីស្ដីការក្រសួងសុខាភិបាលកម្ពុជា។

លោកឯកអគ្គរដ្ឋទូតរូបនេះបានថ្លែងបន្ដថា រដ្ឋាភិបាលរបស់ប្រទេសខ្លួន បានប្រកាសផ្ដល់ជំនួយជាថវិកាចំនួន៥០០លានដុល្លារអូស្ដ្រាលី ដល់កម្មវិធីកូវ៉ាក់ (COVAX) ដែលជាគម្រោងនៃកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ និងចែកចាយវ៉ាក់សាំង COVID-19 ផ្ដួចផ្ដើមដោយអង្គការសុខភាពពិភពលោក (WHO) ដើម្បីពេលវ៉ាក់សំាង COVID-19 មានប្រសិទ្ធភាពអាចប្រើប្រាស់បាន និងអាចទទួលបាន ដើម្បីយកមកផ្ដល់ជូនដល់ប្រទេសក្នុងតំបន់អាស៊ីអាគេ្នយ៍ និងប៉ាស៊ីហ្វិច ដែលក្នុងនោះក៏មានកម្ពុជាផងដែរ។

លោក Pablo Kang បានបញ្ជាក់ថា ការផ្តល់ថវិកាចំនួន ៥០០លានដុល្លារអូស្ដ្រាលីនេះ ទៅដល់គំនិតផ្ដួចផ្ដើម COVAX អាចទទួលយកបាននូវវ៉ាក់សាំងកូវីដ-១៩ ដើម្បីជួយដល់បណ្តាខាងលើនេះ ទុកសម្រាប់ផ្តល់ដល់បណ្តាប្រទេស និងកិច្ចការដែលពាក់ព័ន្ធទៅនឹងសុខភាពសាធារណៈផងដែរ។

ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលីប្រចាំកម្ពុជា បានថ្លែងបញ្ជាក់ថា វ៉ាក់សាំងបច្ចុប្បន្ននេះ គេកំពុងពិនិត្យមើលប្រសិទ្ធិភាព និងសមត្ថភាព នូវប្រភេទវ៉ាក់សាំងសម្រាប់ការប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាព និងមានការវាយតម្លៃពីអង្គការសុខភាពពិភពលោក។ លើសពីនោះ អូស្រ្តាលី និងពង្រឹងកិច្ចសហប្រតិបត្ដិការជាមួយកម្ពុជា ទៅលើការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈផ្តល់អាហារូបករណ៍ជាដើម។

ក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្តែងមនោសញ្ចេតនាស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកអគ្គរដ្ឋទូតអូស្រ្តាលី និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលបានគាំទ្រវិស័យសុខាភិបាលកន្លងមកនេះ។ ជាពិសេសអំឡុងជំងឺកូវីដ-១៩នេះ ដែលនឹងផ្តល់វ៉ាក់សាំងការពារកូវីដដល់កម្ពុជា នៅពេលខាងមុខ និងបណ្តុះបណ្តាលធនធានមនុស្ស ដែលបានផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់កម្ពុជា។

រដ្ឋមន្ត្រីក៏បានរំលឹកឡើងវិញ នូវកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល រវាងប្រទេសទាំងពីរ ជាពិសេសចាប់តាំងពីឆ្នាំ២០០៧ រហូតដល់បច្ចុប្បន្ន រដ្ឋាភិបាលអូស្រ្តាលី បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការលើ វិស័យសុខាភិបាលដល់កម្ពុជា ក្នុងទឹកប្រាក់ប្រមាណ១៤៥ លានដុល្លារអូស្រ្តាលី ក្នុងក្របខណ្ឌទ្វេភាគី ហើយនឹងបន្តផ្តល់ចំនួន២៨.៩លានដុល្លារអូស្រ្តាលី បន្ថែមទៀតក្នុងរយៈពេល៥ឆ្នាំ រហូតដល់ឆ្នាំ២០២១ ដែលសរុបស្មើនឹង ១៧៣.៩លានដុល្លារអូស្រ្តាលី លើគម្រោងជាច្រើន៕ 

Loading...