កូនប្រុសលោក ដូណាល់ ត្រាំ គឺលោក Donald Trump Jr ឆ្លងជំងឺកូវីដ-១៩ និងកំពុងទទួលការព្យាបាល

November 21, 2020 45

វ៉ាស៊ីនតោន ៖ បើតាមការបញ្ជាក់ពីអ្នកនាំពាក្យរបស់លោក Donald Trump Jr ដែលត្រូវបានដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា កូនប្រុសបង្កើត របស់លោក ដូណាល់ ត្រាំ គឺលោក ដូណាល់ ត្រាំ ចេអ័រ (Donald Trump Jr) បានធ្វើតេស្តវិជ្ជមាន COVID-19 កាលពីដើមសប្តាហ៍នេះ និងកំពុងស្ថិតក្នុងការព្យាបាលដាច់ដោយឡែក។

បើតាមការអះអាងពីអ្នកនាំពាក្យកូនប្រុសលោក ដូណាល់ ត្រាំ ខាងលើនេះ លោក Donald Trump Jr មិនមានចេញរោគសញ្ញាអ្វីឡើយ ដោយវាមានន័យថាអការៈរបស់លោក ស្ថិតនៅក្នុងកម្រិតស្រាលប៉ុណ្ណោះ។ លោក Donald Trump Jr គឺជាសមាជិកគ្រួសារ ត្រាំ ចុងក្រោយហើយដែលបានឆ្លងជំងឺ COVID-19 បន្ទាប់លោក ដូណាល់ ត្រាំ, លោកស្រី មេឡានៀ ត្រាំ និងកូនប្រុសពៅរបស់អ្នកទាំងពីរឈ្មោះ បារ៉ុន (Barron)។

គួរបញ្ជាក់ថា ក្រៅពីលោក Donald Trump Jr កូនប្រុសរបស់មេធាវីផ្ទាល់ខ្លួនលោក ដូណាល់ ត្រាំ គឺលោក រូឌី ជូលីអានី (Rudy Giuliani) ក៏បានឆ្លងជំងឺ COVID-19 ផងដែរនៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅទីក្រុងវ៉ាស៊ីនតោន)៕ 

Loading...