អភិបាលរាជធានីភ្នំពេញ បន្ដចុះចែកម៉ាសជូនពលរដ្ឋនៅក្នុងសហគមន៍ក្រីក្រ ក្នុងភូមិអណ្តូង និងភូមិកប់ស្រូវ នៅខណ្ឌព្រែកព្នៅ

November 21, 2020 41

ភ្នំពេញ ៖ បើទោះបីព្រឹទ្ធកាល ៣វិច្ឆិកា បានបិទបញ្ចប់ក៏ពិតមែន ក៏ប៉ុន្តែវិធានការបង្ការ និងទប់ស្កាត់ការឆ្លងកូវីដ-១៩ របស់រដ្ឋបាលរាជធានីភ្នំពេញនៅតែបន្តធ្វើ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ធ្វើយ៉ាងណាបង្ការទប់ស្កាត់ឲ្យបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ដោយសារថា យើងអាចភ្លេចកូវីដ-១៩ តែកូវីដ-១៩ មិនបានភ្លេចយើងនោះទេ។

ជាក់ស្តែង នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួងស្រេង បានបន្ដចុះចែកម៉ាស របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមខ្នងផ្ទះនៅក្នុងសហគមន៍ក្រីក្រ ភូមិអណ្តូង០១ដល់០៥ និងភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងកូវីដ-១៩។

លោក ឃួង ស្រេង បានមានប្រសាសន៍ថា ម៉ាសនេះដែលជាអំណោយ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ដល់មករដ្ឋបាលរាជធានីភ្នំពេញ ជាម៉ាសដែលអាចបោកទឹកបាន ហើយក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅមានអនាម័យ សំអាតខ្លួនប្រាណ ពិសេស គឺការលាងដៃនិងសាប៊ូ ជែល និងពាក់ម៉ាសជាប្រចាំ។

លោកបន្ដថា ព្រឹទ្ធកាល៣វិច្ឆិការ បានបិទបញ្ចប់ទាំងស្រុងហើយ តែវិធានការបង្ការ និងទប់ស្កាត់ការឆ្លងកូវីដ-១៩ ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញ គឺនៅតែបន្តធ្វើ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយធ្វើយ៉ាងណាបង្ការទប់ស្កាត់ឲ្យបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ដោយសារថា យើងអាចភ្លេចកូវីដ-១៩ តែកូវីដ-១៩ មិនបានភ្លេចយើងនោះទេ។ ដូច្នេះ បងប្អូនប្រជាពលរដ្ឋយើងត្រូវចូលរួមទប់ស្កាត់ទាំងអស់គ្នា៕ 

Loading...