ប្រជាពលរដ្ឋនៅខណ្ឌពោធិ៍សែនជ័យ ស្នើឲ្យអាជ្ញាធរជួយដាក់លូ ធ្វើផ្លូវ ចូលយកសំរាម តបណ្ដាញទឹកស្អាត និងការការពារសន្ដិសុខសណ្ដាប់ធា្នប់សាធារណៈ

November 26, 2020 73

ភ្នំពេញ ៖ នៅក្នុងវេទិការផ្សព្វផ្សាយពិភាក្សាពិគ្រោះយោបល់ ជាមួយប្រជាពលរដ្ឋនៅខណ្ឌពោធិ៍សែនជ័យ ពលរដ្ឋស្នើឲ្យអាជ្ញាធរជួយដោះស្រាយបញ្ហាលូ ធ្វើផ្លូវ បញ្ហាកកស្ទះសំរាម ជួយតបណ្ដាញទឹកស្អាត និងការការពារសន្ដិសុខសណ្ដាប់ធា្នប់សាធារណៈ ជូនពួកគាត់ ព្រោះក្មេងទំនើងដើរគាស់ផ្ទះរាល់យប់ និងបង្កភាពអណាធិបតេយ្យ ដើរស្រែកអាឡូអាឡា ធ្វើឲ្យពួកគាត់ភៃខ្លាច មិនបានដេកពួនរាល់យប់។

ឆ្លើយតបទៅនឹងសំណើរបងប្អូនប្រជាពលរដ្ឋ ក្នុងវេទិការពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្ដិទី២ នៅថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០២០នេះ លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកឡើងថា អាជ្ញាធររាជធានីភ្នំពេញ បាននឹងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លំាង ក្នុងការដោះស្រាយបញ្ហាការស្ដារលូចាស់ៗ ដាក់លូថ្មីៗបន្ថែម ស្ដារប្រឡាយ, បញ្ហាសំរាម, បញ្ហាតបណ្ដាញទឹកស្អាតជូនប្រជាពលរដ្ឋ ដែលរស់នៅនៅតំបន់ជាយក្រុង ដែលការងារនេះត្រូវអនុវត្តន៍ជាជំហានៗ ស្របពេលដែលរដ្ឋបាលរាជធានី កំពុងជំរុញការបង្កើតស្ថានីយទឹកស្អាតបន្ថែមទៀត ដើម្បីបំពេញតំរូវការរបស់ប្រជាពលរដ្ឋ។

លោក ប៉ា សុជាតិវង្ស បានឱ្យដឹងថា ការរបង្កើតស្ថានីយផលិតទឹកស្អាតនីមួយៗ ទាមទារឱ្យមានផែនការត្រឹមត្រូវ មានជំហានអនុវត្តន៍ ការចំណាយពេលវេលា និងថវិកាច្រើនក្នុងការសាងសង់។ លោកបានបន្តថា រាជរដ្ឋាភិបាលកំពុងកសាងស្ថានីយផលិតទឹកស្អាតនៅបាក់ខែង ដែលនឹងរួចរាល់នៅឆ្នាំ២០២៣ ដូច្នេះ វាអាចឆ្លើយតបជាមួយនឹងតម្រូវការ របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌពោធិ៍សែនជ័យ កំបូល និងខណ្ឌព្រែកព្នៅជាដើម។

ការបង្ហាញផែនការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនៅដែលរស់នៅតំបន់ជាយក្រុងនេះ គឺឆ្លើយតបទៅនឹងសំណើរបស់ប្រជាពលរដ្ឋនៅក្នុងខណ្ឌពោធិ៍សែនជ័យ ដែលបានលើកឡើងពីបញ្ហាខ្វះខាតទឹកស្អាតប្រើប្រាស់នៅក្នុងសង្កាត់មួយចំនួន ហើយត្រូវទិញទឹកពីភ្នាក់ងារឯកជនក្នុងតម្លៃថ្លៃ​ រហូតដល់៣០០០រៀលក្នុងមួយគូប។

លោក កៅ សាលៀប រស់នៅភូមិចំការឪឡឹក ក្នុងសង្កាត់ត្រពាំងក្រសំាង បានឱ្យដឹងថា ប្រជាពលរដ្ឋនៅរដូវប្រាំងនេះ អាចប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ច្រើន ដោយសារតែពុំទាន់មានបំពងភ្ជាប់ចូលទៅក្នុងលំនៅដ្ឋាន ហើយការទិញទឹកពីឯកជនមានតម្លៃថ្លៃ ដោយក្នុងមួយឡានតម្លៃ៤ម៉ឺនរៀល ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោក ហេង សុផាន់ណារ៉ាត តំណាងរដ្ឋាករទឹកស្វ័យក្រុងភ្នំពេញ បានឆ្លើយតបទៅនឹងសំនួររបស់ប្រជាពលរដ្ឋថា តំបន់ត្រពាំងធ្នង់ សង្កាត់សំរោង បំពង់ទឹករបស់រដ្ឋបានទៅដល់ហើយ ដែលបងបងប្អូនប្រជាពលរដ្ឋអាចតភ្ជាប់បាន ខណៈដែលតំបន់ដាច់ស្រយោលមិនមានហេដ្ឋារចនាសម្ព័ន្ធច្បាស់លាស់ និងដីឡូត៍ ប្រជាពលរដ្ឋអាចទំនាក់ទំនងទៅផ្នែកផែនការរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីឱ្យក្រុមការងារពិនិត្យផ្ទាល់ អាចនឹងដាក់ទឹកឱ្យប្រើប្រាស់បាន។

លោកបន្តថា ចំពោះប្រជាពលរដ្ឋនៅម្តុំភូមិចំការឪឡឹក២ គឺមានបំពង់ទឹកស្អាតទៅដល់ផងដែរ នៅតែតំបន់ដីឡូត៍ និងតំបន់មិនទាន់រៀបរយ ជាពិសេស តាមផ្លូវរថភ្លើងតែងម្តង ប្រសិនជាប្រជាពលរដ្ឋមិនប៉ះនៅតំបន់នេះទេ រដ្ឋាករទឹកនឹងដាក់ជូន ប៉ុន្តែជាដំណោះស្រាយចំពោះមុខ រដ្ឋាករទឹកនឹងដាក់នាឡិការួមមួយ ដើម្បីបងប្អូនប្រើប្រាស់បណ្តោះអាសន្នរហូតទៅដល់រោងចក្របាក់ខែងសាងសង់រួចរាល់។ លោកបន្តថា ចំពោះប្រជាពលរដ្ឋដែលរស់នៅម្តុំសង្កាត់ត្រពាំងក្រសាំងវិញ សម្ពាធទឹកទៅមិនដល់នោះទេ ដោយសារបញ្ហាផលិតកម្មផលិតមិនទាន់តំរូវការ ដោយរង់ចាំការសាងសង់រោងចក្រផលិតទឹកស្អាតបាកខែងរួច រាល់។

លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា ការលើកឡើងពីសំណូមពរ និងតម្រូវ ការចាំ បាច់របស់ប្រជាពលរដ្ឋនៅក្នុងវេទិកាសាធារណៈពាក់ព័ន្ធនឹងបញ្ហាទឹកស្អាត ការធ្វើលូ ធ្វើផ្លូវនេះ អាជ្ញាធរនិងមន្រ្តីជំនាញ នឹងដោះស្រាយជូនជាបន្តបន្ទាប់ ដើម្បីបំពេញទៅនឹងសេចក្តីត្រូវការរបស់រស់នៅ របស់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា តាមការព្យាករណ៍របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងថា ការប្រើប្រាសទឹកស្អាតនៅរាជធានីភ្នំពេញ នឹងមានតម្រូវការហូតដល់ប្រមាណជាង៩០ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ នៅឆ្នាំ២០២៥ និងជាង១០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ នៅឆ្នាំ២០៣០ផងដែរ៕

Loading...