ឧកញ៉ា នួន អក ចេញលិខិតឆ្លើយបំភ្លឺទាំងយប់ បន្ទាប់ពីប្រជាពលរដ្ឋប្ដឹងទៅសមត្ថកិច្ច

November 26, 2020 148

ភ្នំពេញ ៖ បន្ទាប់ពីមានការចុះផ្សាយនៅតាមអង្គភាពសារព័ត៌មានមួយចំនួន និងតាមបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះរួចមក លោកឧកញ៉ា នួន អក បានឲ្យមេធាវី ព្រុំ សុវណ្ណារ៉ា ចេញលិខិតឆ្លើយបំភ្លឺទាំងយប់ ថ្ងៃទី២៥ ខែវិច្ឆិកានេះតែម្ដង។

យោងលិខិតបំភ្លឺលោកឧកញ៉ា បានបញ្ជាក់ថា ជាក់ស្ដែងកន្លងមក ខ្ញុំបាទពិតជាបានចូលរួមជួយផ្សព្វផ្សាយឱ្យក្រុមហ៊ុន អិមស៊ី នេតឈ័រ ផ្លេនីត ឯ.កនេះពិតប្រាកដមែន ប៉ុន្តែខ្ញុំបាទពុំមានភាគហ៊ុន ឬចំណែកណាមួយក្នុងក្រុមហ៊ុននោះទេ។

សូមជម្រាបជូន បើយោងពាក្យបណ្ដឹងប្រជាពលរដ្ឋ ចុះថ្ងៃទី១៣ ខែវិច្ចិកា ឆ្នាំ២០២០ ប្រជាពលរដ្ឋបានប្ដឹងឧកញ៉ា នួន អក, លោក Song Boon Ngee សញ្ជាតិម៉ាឡេស៊ី ជាម្ចាស់ក្រុមហ៊ុន «អិមស៊ី នេតឈ័រ ផ្លេនីត ឯ.ក» និងបក្ខពួក ពីបទ «អំពើមិនសុចរិត ទាក់ទងនិងទំនិញ, ការលក់បែបពីរ៉ាមីតដោយភ្ជាប់សេចក្ដីបរិយាយមិនពិត, ផលិតផលក្លែងក្លាយ និងរំលោភលើទំនុកចិត្ត» តាមមាត្រ ៣៩១-៣៩២ នៃក្រមព្រហ្មទណ្ឌ និងមាត្រា១០ ,៤១, ៤៤ ,៤៥ នៃច្បាប់ ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។ នេះបើយោងតាមលិខិតបំភ្លឺ និងពាក្យបណ្ដឹងប្រជាពលរដ្ឋហាក់បីដូចជាស៊ីចង្វាក់គ្នា ដូចអ្វីដែលប្រជារដ្ឋបានប្ដឹងទៅសមត្ថកិច្ចនៃក្រសួងមហាផ្ទៃ។

គួររំលឹកផងដែរថា សមត្ថកិច្ចបន្ទាប់ពីទទួលតាមបណ្ដឹងចុះថ្ងៃទី១៣ ខែវិច្ចិកា ឆ្នាំ២០២០ ប្រជាពលរដ្ឋបានសហការជាមួយស្ថាប័នពាក់ព័ន្ធមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ដឹកនាំសម្របសម្រួលដោយលោក សឿ ឡងឌី ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងលក់គ្រឿងសម្អាង នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅអគារលេខ៤Z ផ្លូវ103 ភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ដោយឡែក ទីតាំងខាងលើត្រូវបិទជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Loading...