អាព្រូស បើកឆ្លងផ្លូវមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តម៉ាស្ដា រងការខូចខាតទាំងសងខាង នៅខណ្ឌ៧មករា

August 31, 2018 191

ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្តមួយគ្រឿង ឆ្លងផ្លូវលឿនពេក ជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងទៀត រងការខូតខាតយ៉ាងដំណំ នៅវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ២១៤ កែងនិងផ្លូវ១០៧ ចំណុចស្ថានទូតអាឡឺម៉ង ក្នុងសង្កាត់បឹងបព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ តែសំណាងល្អ មិនបង្កឲ្យនរណារងរបួសនោះទេ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្ត ម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AB-0338 បើកពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានឆ្លងផ្លូវមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្ត ម៉ាស្តា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-9155 បើកដោយជនជាតិចិនប្រុសស្រី២នាក់ ពីលិចទៅកើតក្នុងល្បឿនលឿនដូចគ្នាពេញទំហឹង បណ្ដាលឲ្យរថយន្តទាំងគៀបជាប់គ្នា ខាងរថយន្តព្រូស ខូចខាតផ្នែកខាងមុខ ខាងឆ្វេងយ៉ាងដំណំ និងរថយន្តម៉ាស្តាខូចខាតបន្តិចបន្ទួច។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ បានឲ្យភាគីទាំងពីរសម្រប់សម្រួលគ្នា ដោយខាងរថយន្តជនជាតិចិន ព្រមសងសំណងជួសជុលឲ្យខាងរថយន្តព្រូសឲ្យស្អាតឡើងវិញ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

Loading...