នាយករដ្ឋមន្រ្តីថៃ ស្នើឱ្យប្រជាជនជៀសវាងការប្រមូលផ្តុំខាងនយោបាយ អំឡុងពេលរាតត្បាតជំងឺកូវីដ-១៩

January 18, 2021 58

បាងកក ៖ លោក Anucha Burapachaisri អ្នកនាំពាក្យរដ្ឋាភិបាលថៃ បាននិយាយនៅថ្ងៃអាទិត្យថា នាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាន់អូចា មានការព្រួយបារម្ភអំពីសុខភាពរបស់ប្រជាជន ខណៈពេលដែលអាកាសធាតុចុះត្រជាក់បានកើតឡើង ហើយចង់ឲ្យប្រជាជនចៀសវាងការប្រជុំនយោបាយ ខណៈស្ថានភាពនៃជំងឺកូវីដ-១៩ នៅតែបន្តកើតមាន។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែក តាមការលើកឡើងលោក Anucha ថា នៅក្នុងស្ថានភាពនេះ វានៅតែចាំបាច់សម្រាប់រដ្ឋាភិបាលក្នុងការអនុវត្តអំណាចរបស់ខ្លួនក្រោមក្រឹត្យគ្រាអាសន្ន និងច្បាប់ស្តីពីជំងឺឆ្លង ដើម្បីទប់ស្កាត់ជំងឺរាតត្បាត។ ដូច្នេះ រដ្ឋាភិបាលចង់ឲ្យប្រជាជនចៀសវាងការប្រមូលផ្តុំ ជាពិសេស អ្នកនយោបាយក្នុងអំឡុងពេលនេះ និងអរគុណដល់ប្រជាជនភាគច្រើន ដែលបានសហការ។

លោកបានបន្ថែមថា រដ្ឋាភិបាលមិនចង់ឃើញចំនួននៃការឆ្លងកូវីដ-១៩ កើនឡើងដោយសារតែលទ្ធផល នៃការប្រមូលផ្តុំនយោបាយនោះទេ៕

Loading...