ស្នងការនគរបាលរាជធានីភ្នំពេញ ឆ្លើយមតិមួយចំនួនដែលរិះគន់ដោយគ្មានព័ត៌មាន និងមូលដ្ឋានច្បាស់លាស់ លើការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក

January 23, 2021 82

ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នេះ បានឆ្លើយតបនឹងមតិមួយចំនួនដែលបានរិះគន់ដោយគ្មានព័ត៌មាន និងមូលដ្ឋានច្បាស់លាស់លើការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។

តាមរយៈ Facebook, ដើម្បីជាការឆ្លើយតបទៅនឹងមតិមួយចំនួន ដែលបានរិះគន់មកលើការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយគ្មានមូលដ្ឋាន និងព័ត៌មានជាក់លាក់ច្បាស់លាស់ អំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញសាធារណៈជនទាំងអស់ ឲ្យជ្រាបអំពីលទ្ធផលប្រៀបធៀបគ្នា រវាងឆ្នាំ២០២០ និង ឆ្នាំ២០១៩ ក៏ដូចជាការប្រៀបធៀបរយៈពេល ៧ខែ នៃការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ចាប់ពីថ្ងៃទី០១ ខែ០៥ រហូតដល់ថ្ងៃទី៣១ ខែ១២ ឆ្នាំ២០២០ ទៅនឹងរយៈពេល៧ខែដូចគ្នា ក្នុងឆ្នាំ២០១៩ ដែលមិនទាន់មានយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ។

ជាលទ្ធផលសង្កេតឃើញថា ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺពិតជាមានប្រសិទ្ធភាព និងទទួលបាននូវលទ្ធផលល្អ ដោយចាប់ពីពេលអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកមកដល់ពេលនេះ គឺមានការថយចុះច្រើនទាំងចំនួនគ្រោះថ្នាក់ និងចំនួនអ្នកស្លាប់។ល។

ម្យ៉ាងវិញទៀត ក្នុងរយៈពេលនៃការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក មានមន្ត្រីនគរបាលចំនួន ២២នាក់ ដែលបានអនុវត្តផ្ទុយពីការណែនាំ ត្រូវបានទទួលវិន័យកងកម្លាំង ជាមួយនោះដែរក៏មានមន្ត្រីចំនួន ១៣នាក់ បានទទួលរងគ្រោះថ្នាក់ ធ្ងន់០៥នាក់ ស្រាល ចំនួន ០៨នាក់ ដែលបង្កឡើងដោយអ្នកបើកបរល្មើសច្បាប់នៅពេលមន្ត្រីកំពុងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍៕

Loading...