ផាន់ ម៉ូនីកា យប់មិញនេះ ទទួលបានចិញ្ចៀនពេជ្រ១វង់ ពីស្វាមី

September 07, 2018 264

ភ្នំពេញ ៖ តារាចម្រៀងដែលជោគជ័យ លើអាជីពសិល្បៈ មុខជំនួញ និងជីវិតស្នេហា អ្នកនាង ផាន់ ម៉ូនីកា នៅយប់មិញនេះ បានរៀបចំកម្មវិធីដាក់សម្ពោធជាផ្លីវការ នូវហាងសម្លៀកបំពាក់ថ្មី ដែលមានឈ្មោះថា «Kaka សម្លៀកបំពាក់» ដែលជាប្រ៊េនថ្មី បំបែកចេញ១សាខាទៀត បន្ទាប់ពីល្បីឈ្មោះហាង រ៉ាយុទ្ធ ។ បើតាមការឲ្យដឹងខ្ទង់ចំណាយរបស់ ផាន់ ម៉ូនីកា រាប់ម៉ឺនដុល្លារ ជាមួយម៉ូដសំលៀកបំពាក់ទាន់សម័យ និងរបស់ប្រើប្រ៊េនៗផ្សេងទៀត។

នាឱកាសនោះដែរ គេឃើញមានវត្តមានតារាល្បីៗជាច្រើន បានចូលរួមជូនពរជ័យ ថ្ងៃសិរីសួស្តីបើកដំណើរការនោះ ដូចជា អ្នកនាង ចន ច័ន្ទលក្ខិណា, ទឹម រដ្ឋា, ឌុច លីដា, ប៉ែន ចំរ៉ុង, ខៀវ សានសាណា, អេន ឌី, ហេង ស៊ីម៉ន, អោក សុម៉ាវត្តី, ថន លក្ខិណា, អុឹម ជីវ៉ា, អេនជី, ផន ស្រីខួច, រតនៈ ពិសី, គង់ ច័ន្ទរដ្ឋា, បញ្ញា សិទ្ឋិ, លាង ឧត្តម, អាលីហ្សា, អុីណូ និងតារាមួយចំនួនទៀត។ អ្វីដែលភ្ញាក់ផ្អើលនោះ មានកម្មវិធីមួយជាន់ទៀត គឺពិធីខួបកំណើតផ្ទាល់ពីថៅកែស្រី អ្នកនាង ផាន់ ម៉ូនីកា ដោយមិនបានប្រាប់ភ្ញៀវដឹងមុនសោះ។ កាន់តែពិសេសនាងទទួលបានកាដូចិញ្ចៀនពេជ្រ១វង់ ពីស្វាមីធ្វើឲ្យរំភើបខ្លាំង ព្រោះតម្លៃវិញ ក៏គួរសមណាស់ដែរ។

អ្នកនាង ផាន់ ម៉ូនីកា ដែលមានងារជាជំទាវ បានឲ្យដឹងថា ខាងថ្មី កាកាលក់សំលៀកបំពាក់នេះ ចំណាយទុនក្បែរ១០ម៉ឺនដុល្លារ ដែលជាប្រ៊េនថ្មី១ទៀត បន្ទាប់ពីមុខរបរមុនៗ ដែលជោគជ័យដូចជាកាកាស៊ុគីស៊ុប និងហាងលក់សំលៀកបំពាក់រ៉ាយុទ្ធ។ ហាងកាកាសំលៀកបំពាក់នេះ មានទីតាំងស្ថិតនៅបណ្តោយផ្លូវកម្ពុជាក្រោម ហួសថ្មដាបន្តិច មុខក្រសួងសុខាភិបាល។

អ្នកនាងបន្ថែមថា ក្រៅពីមមាញឹកជាមួយការរកស៊ី មានទស្សនិកជន មិត្តភក្តិហ្វេន ក្នុងហ្វេសប៊ុកជាច្រើន សួររឿងសិល្បៈចូល ឬក៏ផ្តាច់។ យ៉ាងណា នាងមិនទាន់ដាច់ចិត្តបញ្ចប់ជីវិតសិល្បៈនោះទេ ដោយត្រៀមចេញបទបែបស្នាដៃកូនខ្មែរ ជូនសំណូមពរខាងមុខនេះ ទុកជាការដឹងគុណ។មានតែសិល្បៈនេះហើយ ដែលជួយយោងជីវិតនាងឲ្យត្រដែតឡើង នាងមានឱកាសបើកហាងបន្តបន្ទាប់ក៏ព្រោះគេស្គាល់តាមរយៈសិល្បៈនេះដែរ ទើបមិនអាចចោលបាន៕

Loading...