ពលរដ្ឋស៊ីរី ជាង៣០.០០០ បានចាកចេញពីទីក្រុង Idlib ដោយខ្លាចរងការវាយប្រហារ

September 11, 2018 262

ស៊ីរី ៖ ប្រជាពលរដ្ឋស៊ីរី ជាង៣ម៉ឺននាក់ បានសម្រេចចាកចេញពីផ្ទះរបស់ខ្លួន នៅខេត្ត Idlib ទៅកាន់តំបន់មានសុវត្ថភាព ក្រោយពេលមានការវាយប្រហារតាមដែនអាកាស ទៅលើតំបន់នេះ រវាងទាហានរដ្ឋាភិបាល និងក្រុមប្រឆាំង ដោយមានការចូលរួមពីរុស្ស៊ី និងអាមេរិកផងដែរ។

លោក David Swanson អ្នកនាំពាក្យអង្គការមនុស្សធម៌ របស់អង្គការសហប្រជាជាតិ បានបញ្ចាក់ថា គិតមកទល់ពេលនេះ មានពលរដ្ឋចំនួន៣០.៥៤២នាក់ បានចាកចេញពីខេត្ត Idlib ទៅកាន់តំបន់ផ្សេងទៀត នៅភាគខាងជើង ប្រទេសស៊ីរី។

រដ្ឋាភិបាលទីក្រុងដាម៉ាកាស និងមានការជួយពីសម្ព័ន្ធមិត្តអីរ៉ង រុស្ស៊ី បានត្រៀមវាយប្រហារទៅលើទីតាំងចុងក្រោយរបស់ក្រុមប្រឆាំងជាទ្រងទ្រាយធំ ដើម្បីដណ្តើមការគ្រប់គ្រងខេត្តនេះមកវិញ។

អង្គការសហប្រជាជាតិ បានប្រមានពីវិបត្តិមនុស្សធម៌កើតឡើង ប៉ះពាល់ដល់ពលរដ្ឋ ជាង៣លាននាក់ រស់នៅក្នុងខេត្តនេះ និងតំបន់ជិតខាង។ លោក Swanson បានបញ្ចាក់ថា ការវាយប្រហារតាមដែនអាកាសបានចាប់ផ្តើមកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ នៅតំបន់ជនបទ ភាគខាងត្បូងខេត្ត Idlib។

លោក Swanson បន្តទៀតថា មានពលរដ្ឋ៤៧ភាគរយ បានទៅរស់នៅក្នុងជំរុំបណ្តោះអាសន្ន និង២៤ភាគរយ រស់នៅជាមួយគ្រួសារ ហើយ១០ភាគរយទៀត រស់នៅក្នុងតំបន់ផ្សេងៗគ្នា ក្នុងតំបន់មានសុវត្ថភាព។

នៅពេលនេះដែរ ទួរគី ក៏បានបង្កើនសន្តិសុខការពារតាមព្រំដែន នៅភាគខាងកើត ខ្លាចមានក្រុមជនភៀសខ្លួនស៊ីរីចូលទៅកាន់ប្រទេសរបស់ខ្លួន៕

Loading...