អាសូរពន់ពេក! ឪពុកនាំកូនស្រី ទៅរាយសន្ទូច បែរជាលង់ទឹកស្លាប់ទាំង២នាក់

September 13, 2018 174

ព្រៃវែង ៖ ឪពុកនាំកូនស្រីទៅរាយសន្ទូចដាក់ត្រី តែជាអកុសល ត្រូវលង់ទឹកស្លាប់ទាំង២នាក់ យ៉ាងអាណោចអាធម្ម កាលពីវេលាម៉ោងប្រហែល២រសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅភូមិពោធិ៍រៀង ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

តាមសេចក្តីរាយការណ៍បានបញ្ជាក់ថា សពជនរងទាំង២នាក់ ទី១-ឈ្មោះ រឿន រិទ្ធិ ភេទប្រុស អាយុ៤៥ឆ្នាំ (ជាឪពុក) និងទី២-ឈ្មោះ រិទ្ធិ ស្រីម៉ិច ភេទស្រី អាយុ១៤ឆ្នាំ (ត្រូវជាកូនស្រី)។

ប្រភពព័ត៌មានបានបញ្ជាក់ទៀតថា មុនកើតហេតុ នៅល្ងាចថ្ងៃទី១២ ខែកញ្ញា ឪពុកនិងកូន បាននាំគ្នាចេញពីផ្ទះទៅរាយសន្ទូចដាក់ត្រី ហើយក៏បានបាត់ខ្លួន រហូតមិនឃើញវិលមកផ្ទះវិញទេ ហើយអ្នកផ្ទះបាននាំគ្នាដើររកដែរតែរកមិនឃើញសោះ។

លុះព្រឹកឡើងត្រូវ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ទើបប្រពន្ធមករកគេឯងឲ្យទៅជួយរកនៅចំណុចដែលប្តីនិងកូនទៅរាយសន្ទូច ចំណុចបឹងប្រាសាទជើង ក៏ស្រាប់តែបានឃើញប្តីនិងកូនអណ្តែត ដោយលង់ទឹករណ្តៅដែលគេជីកយកអាចម៍ដី ស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យ រួចក៏ប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី។

តាមការសន្និដ្ឋានពីសមត្ថកិច្ច ក៏ដូចអ្នកភូមិថា ហេតុការណ៍នេះ អាបណ្តាលមកពីកូនស្រី រអិលជើងលក់ទឹកមុន ទើបឪពុកទៅជួយ បណ្តាលឲ្យលង់ស្លាប់ទាំងពីរនាក់តែម្តងទៅ៕

Loading...