កាមេរីឆ្លាម បើកលឿនដូចហោះ​ ទៅបុកម៉ូតូ Nex គាបជាប់ក្រោមរថយន្ត បណ្តាលឲ្យឆេះម៉ូតូ នៅស្តុបចំការមន

September 22, 2018 171

ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយ រថយន្តកាមេរីឆ្លាមមួយគ្រឿង បើកបត់ក្នុងល្បឿនលឿន ស្រាប់តែមានម៉ូតូម៉ាក Suzuki Nex មួយគ្រឿង បុកចំពីមុខរថយន្តយ៉ាងពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់ទាំង២នាក់ ហើយគាបម៉ូតូជាប់ក្រោមរថយន្តឆាបឆេះ ផ្អើលអ្នកដំណើរចុះជួយពន្លត់ទាំងយប់ កាលពីវេលាម៉ោង២៖០០នាទីយប់រំលងអធ្រាត ឈានចូលថ្ងៃសៅរ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវម៉ៅសេទុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកកាមេរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2G-9761 បើកតាមបណ្តោយផ្លូវព្រះនរោត្តម ទិសដៅពីត្បូងទៅជើង បំរុងបត់ទៅលិច ស្រាប់តែមានម៉ូតូម៉ាក Suzuki Nex ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1BW-2938 បើកតាមបណ្តោយផ្លូវព្រះនរោត្តម ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនដូចហោះ ស្រាប់តែមកបុករថយន្តកំពុងតែបត់យ៉ាងពេញទំហឹង​ បណ្តាលឲ្យម៉ូតូគាបជាប់ក្រោមរថយន្ត ហើយរថយន្តមិនទាន់អស់ល្បឿន បើកទៅមុខប្រហែល៥ម៉ែត្រ​ទៀត ក៏ឆាបឆេះម៉ូតូចេញជាអណ្ដាតភ្លើងយ៉ាងសន្ធោរសន្ធៅ បានបងប្អូនប្រជាពលរដ្ឋទាញចេញយកទឹកចាក់បានរលត់។ រីឯមនុស្សផ្លោងចេញពីកន្លែងកើតហេតុ ប្រហែលជា២០ម៉ែត្រ រងរបួសធ្ងន់ទាំង២នាក់ ក្នុងនោះមានស្រីម្នាក់ ប្រុសម្នាក់ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យកាល់ម៉ែត្រ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកន្លែងកើតហេតុវាស់វែងនឹងស្ទូចរថយន្តនឹងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំម្ចាស់រថយន្តចូលខ្លួនដោះស្រាយទៅតាមនីតិវិធីច្បាប់៕

Loading...