លោក ដូណាល់ ត្រាំ៖ មេដឹកនាំអ៊ីរ៉ង់ ជាមេបង្កចលាចលក្នុងតំបន់មជ្ឈិមបូព៌ា

September 26, 2018 240

អាមេរិក ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី បានដំឡើងសសៃកដាក់គ្នា យ៉ាងខ្លាំងនាឱកាសថ្លែងសុន្ទរកថាប្រចាំឆ្នាំ ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃអង្គារសប្ដាហ៍នេះ ដោយលោក ដូណាល់ ត្រាំ បានចោទប្រកាន់ត្រង់ៗថា មេដឹកនាំអ៊ីរ៉ង់ គឺជាមេបង្កចលាចល ការស្លាប់ និងការបំផ្លិចបំផ្លាញនៅក្នុងតំបន់មជ្ឈិមបូព៌ា។

នៅក្នុងសុន្ទរកថា រយៈពេលជាង៣៥នាទី លោក ដូណាល់ ត្រាំ ក៏បានការពារផងដែរ ការសម្រេចចិត្តរបស់លោកក្នុងការដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ហើយថា រដ្ឋបាលបច្ចុប្បន្នរបស់លោកសម្រេចបាននូវលទ្ធផលមិនធ្លាប់មានជាច្រើននៅក្នុងប្រវត្តិសាស្ត្រអាមេរិក បើធៀបនឹងរដ្ឋបាលអាមេរិកមុនៗ។

លោក ត្រាំ បានលើកឡើងដូច្នេះថា “មេដឹកនាំអ៊ីរ៉ង់ គឺជាមេបង្កចលាចល ការស្លាប់ និងការបំផ្លិចបំផ្លាញនៅទូទាំងតំបន់មជ្ឈិមបូព៌ា ហើយពួកគេមិនដែលគោរពអ្នកជិតខាងព្រំដែន ឬក៏ដែនអធិបតេយ្យភាពរបស់ប្រទេសដទៃឡើយ”។

ក៏ប៉ុន្តែជាការឆ្លើយតប គ្រាន់តែឡើងលើវេទិការភ្លាមក្រោយលោក ដូណាល់ ត្រាំ បញ្ចប់ការថ្លែងសាររបស់លោក លោក រូហានី បានចាប់ក្បាលម៉េក្រូរិះគន់យ៉ាងខ្លាំងចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ហើយមិនតែប៉ុណ្ណោះ លោកក៏អះអាងដែរថា មិនចង់បានសូម្បីតែឱកាសថតរូបជាមួយលោក ដូណាល់ ត្រាំ ព្រមទាំងបញ្ជាក់ច្បាស់ៗថា អ៊ីរ៉ង់ នឹងមិនអង្គុយចរចាជាមួយសហរដ្ឋអាមេរិក ជាដាច់ខាតបើសិនរដ្ឋបាលលោកត្រាំ នៅតែប្រកាន់គោលនយោបាយដូចសព្វថ្ងៃ។

គួរបញ្ជាក់ថា បើតាមលោក ដូណាល់ ត្រាំ បច្ចុប្បន្នកូរ៉េខាងជើងមិនមែនជាការគំរាមកំហែងដ៏ធំសម្រាប់សហរដ្ឋអាមេរិកទៀតនោះទេ ប៉ុន្តែ គឺអ៊ីរ៉ង់ទៅវិញទេ ដែលជាការគំរាមហែងធ្ងន់ធ្ងរចំពោះទីក្រុងវ៉ាស៊ីនតោន។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ៕

Loading...