សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព អតីតប្រធានាធិបតីវៀតណាម

September 26, 2018 128

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធសព​ ឯកឧត្តម ត្រាន់ ដាយក្វាង ( Tran Dai Quang) អតីតប្រធានាធិបតី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨។

ឥស្សរៈជនកម្ពុជា ដែលបានអញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកជំទាវកិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត នៃរាជរដ្ឋាភិបាលកម្ពុជា។

បន្ទាប់ពី​ពិធីគោរពវិញ្ញាណក្ខន្ធ​ សម្ដេចតេជោ​ នឹងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំវៀតណាម​ និងក្រុមគ្រួសារ​ ព្រមទាំងសរសេរនៅលើ​ក្រាំងចូលរួមរំលែកទុក្ខ។ នៅរសៀលថ្ងែដដែលនេះដែរ​ សម្ដេចតេជោ​នាយករដ្ឋមន្ត្រី​ ក៏នឹងទទួលជួបពិភាក្សាការងារ​ជាមួយ​ ឯកឧត្ដម​ លី​ ណាក់យៀន​ (​Lee Nak-yeon)​ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋកូរ៉េ​ តាមការស្នើសុំរបស់នាយករដ្ឋមន្ត្រី​ នៃសាធារណរដ្ឋកូរ៉េ​៕

Loading...