រដ្ឋអាមេរិក ដកខ្លួនចេញពីកិច្ចព្រមព្រៀងអន្តរជាតិចំនួន២ បន្ទាប់ពីអ៊ីរ៉ង់ និងប៉ាឡេស្ទីន ដាក់ពាក្យប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ

October 04, 2018 176

ទីក្រុងវ៉ាស៊ីនតោន ៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងអន្តរជាតិចំនួន២ បន្ទាប់ពីអ៊ីរ៉ង់ និងប៉ាឡេស្ទីន ដាក់ពាក្យបណ្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីប្រឆាំងនឹងគោលនយោបាយអាមេរិក។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton លើកឡើងបែបនេះ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃពុធ សប្ដាហ៍នេះ តែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយ ICJ សម្រេចឲ្យសហរដ្ឋអាមេរិកចាញ់ក្ដីអ៊ីរ៉ង់ ជាមួយការបង្គាប់ឲ្យទីក្រុងវ៉ាស៊ីនតោន លុបចោលការដាក់ទណ្ឌកម្មមួយចំនួនប្រឆាំងនឹងទីក្រុងតេរ៉ង់ ជាពិសេស គឺទណ្ឌកម្មទាំងឡាយណា ដែលប៉ះពាល់ដល់កិច្ចការមនុស្សធម៌ និងសុវត្ថិភាពអាកាសចរណ៍ស៊ីវិល។

ប៉ុន្តែ សេចក្ដីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ មានមូលដ្ឋានក្នុងទីក្រុងឡាអេ ប្រទេសហូឡង់ មិនមានអំណាចអ្វីចាប់បង្ខំឲ្យសហរដ្ឋអាមេរិកអនុវត្តតាមនោះទេ។ មួយវិញទៀត លោក Bolton ក៏បានចាត់ទុកផងដែរថា ICJ គឺជាស្ថាប័នមួយគ្មានប្រសិទ្ធិភាព និងមានចរិកនយោបាយ ហើយថា សហរដ្ឋអាមេរិកនឹងពិនិត្យឡើងវិញ នូវរាល់កិច្ចព្រមព្រៀងអន្តរជាតិទាំងអស់ ដែលមានពាក់ព័ន្ធនឹង ICJ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងចំនួន២ ដែលសហរដ្ឋអាមេរិកប្រកាសដកខ្លួន ក្នុងនោះរួមមានកិច្ចព្រមព្រៀងមិត្តភាព ឆ្នាំ១៩៥៥ និងកិច្ចព្រមពៀង ស្ដីពីពិធីសារបន្ថែម ដែលស្ថិតនៅក្រោមអនុសញ្ញាទំនាក់ទំនងការទូតទីក្រុងវីយ្យែន ឆ្នាំ១៩៦១។ នេះបើតាមលោក John Bolton ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែតុលា ឆ្នាំ២០១៨៕

Loading...