រដ្ឋអាមេរិក សម្រេចផ្អាក​​ការធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង ក្នុងគោលបំណងបន្តកិច្ចប្រឹងប្រែង​ផ្នែក​ការទូត​ជាមួយ​​​កូរ៉េ​ខាង​ជើង

October 20, 2018 204

សិង្ហបុរី ៖ មន្ទីរការពារជាតិអាមេរិក Pentagon នៅថ្ងៃសុក្រម្សិយមិញនេះ បានប្រកាសថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បាន​សម្រេចផ្អាក​​ការធ្វើសមយុទ្ធយោធាមួយផ្សេងទៀត ដែលបានគ្រោងទុករួចស្រេចទៅហើយ ក្នុងគោលបំណងបន្តកិច្ចប្រឹងប្រែង​ផ្នែក​ការទូត​ជាមួយ​​​កូរ៉េ​ខាង​ជើង។

សេចក្តីប្រកាសខាងលើ ត្រូវបានធ្វើឡើងដោយអ្នកនាំពាក្យមន្ទីរ Pentagon លោកស្រី Dana White។ លោកស្រី White បានប្រាប់​ថា ទីក្រុងវ៉ាស៉ីនតោន និងទីក្រុងសេអ៊ូល នឹងផ្អាកការធ្វើសមយុទ្ធយោធាផ្លូវអាកាសមួយឈ្មោះថា Vigilant Ace បន្ថែមទៀត​ ដើម្បី​ផ្តល់​ឱកាស​​តាមតែអាចធ្វើទៅបាន សម្រាប់ការបន្តកិច្ចប្រឹងប្រែងដោះស្រាយបញ្ហាតាមផ្លូវការទូតជាមួយប្រទេសកូរ៉េខាងជើង។

សេចក្តីប្រកាសនេះ បានកើតមានឡើង ខណៈដែលរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ជែម ម៉ាត់ទីស (James Mattis) ​ស្ថិត​នៅ​ប្រទេសសិង្ហបុរី ក្នុងឱកាសចូលរួមកិច្ចប្រជុំមួយជាមួយបណ្តាប្រមុខការពារជាតិរបស់អាស៊ី។

គួរជម្រាបថា សមយុទ្ធផ្លូវអាកាស Vigilant Ace ​នាពេលនេះ ស្ថិតក្នុងចំណោមសមយុទ្ធយោធាមួយចំនួនទៀត រួមមានសមយុទ្ធ Freedom Guardian នាឆ្នាំនេះ ដែលត្រូវបានផ្អាកចាប់តាំងពីខែមិថុនាមក ​ដោយអាមេរិក និងកូរ៉េខាងត្បូង ​នៅ​ក្រោយ​កិច្ចប្រជុំកំពូល​អន្តរ​កូរ៉េ​ និងជំនួបជាប្រវត្តិសាស្រ្តរវាង​លោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ ដើម្បី​លើក​កម្ពស់​កិច្ច​សន្ទនា​សំដៅ​បញ្ចុះ​បញ្ចូល​ឲ្យ​កូរ៉េ​ខាង​ជើង​បោះ​បង់​​អាវុធ​នុយ​ក្លេ​អ៊ែរ​។ នេះបើតាមការដកស្រង់ការផ្សាយចេញសារព័ត៌មាន Independent នៅយប់ថ្ងៃសុក្រ ទី១៩ ខែតុលា ឆ្នាំ២០១៨៕

 

Loading...