U18 យុវជនបាល់ទាត់បាទី យកឈ្នះ U18 Fukushima ជប៉ុន ១-០ ការប្រកួតមិត្តភាព

November 01, 2018 207

ភ្នំពេញ ៖ ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម១៨ឆ្នាំ បានធ្វើឲ្យក្រុមយុវជនមកពីជប៉ុន គឺក្រុម U18 Fukushima មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយក្រុមម្ចាស់ផ្ទះ វាយបកយកឈ្នះ ១-០ ក្នុងជំនួបមិត្តភាពអន្ដរជាតិ លើទីលានពហុកីឡដ្ឋានជាតិ កាលពីល្ងាចមិញ។

ថ្វីត្បិតជាការប្រកួតមិត្តភាព តែក្រុមទាំងពីរ បង្ហាញទម្រង់លេងល្អរៀងខ្លួន ពិសេស​ គឺក្រុមភ្ញៀវជប៉ុន ដែលមានឱកាសគ្រប់គ្រងបាល់យ៉ាងច្រើនលើទីលាន។ តង់ទី១ គឺគ្មានការស៊ុតបញ្ចូលទីគ្នានោះទេ ប៉ុន្ដែចូលតង់ទី២ ក្រោយបាល់ដាច់មុខ បន្ទាប់ពីក្រុមជប៉ុន ដាក់សម្ពាធលើក្រុម U18 បាទី កីឡាករ ធី លៀង បានប្រើបច្ចេកទេសយ៉ាងល្អ ក្នុងការបណ្ដើរបាល់ និងញាក់បំប៉ោងសំណាញ់ទីក្រុម U18 Fukushima ១គ្រាប់ ដែលជាគ្រាប់បាល់ជ័យជម្នះតែម្ដង នៅនាទី៧៥។

យ៉ាងណាមិញនេះ គ្រាន់តែជាការប្រកួតមិត្តភាពប៉ុណ្ណោះ ដែលរៀបចំឡើង ដើម្បីអបអរសាទរខួបលើកទី៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ជាក់ស្ដែង ក្រោយចប់ការប្រកួតនេះ ក្រុម U18 Fukushima មិនទាន់ត្រឡប់ទៅស្រុកកំណើតនោះទេ ពោលគឺពួកគេត្រូវធ្វើការប្រកួតមិត្តភាពអន្ដរជាតិ ១ប្រកួតទៀត ជាមួយក្រុមបាល់ទាត់វិសាខា សមាជិកលីគកំពូលកម្ពុជា នាវេលាម៉ោង៥ល្ងាច ថ្ងៃទី២ ខែវិច្ឆិកាស្អែកនេះ នៅលើទីលានពហុកីឡដ្ឋានជាតិដដែល៕

Loading...