ហាងលក់មាសយីហោ "G 99" ត្រូវចោរប្រើប្រាស់កាំភ្លើងក្លែងក្លាយ ប្លន់បានជាង១៥តម្លឹង

November 02, 2018 272

ថៃ ៖ គ្រឿងអល័ង្កាដែលផលិតឡើងអំពីមាសសុទ្ធ ប្រមាណជាង១៥តម្លឹង ដែលបានដាក់តាំងលក់នៅក្នុងហាងលក់មាសមួយកន្លែង ក្នុងបរិវេណផ្សាររោងក្លឿ ត្រូវបានជនមិនស្គាល់មុខធ្វើសកម្មភាពចូលភ្ជង់ប្លន់ និងប្រមូលយកទៅដោយសុវត្ថិភាព ដោយជនមិនស្គាល់មុខបានប្រើប្រាស់កាំភ្លើងក្លែងក្លាយ ជាមធ្យោបាយក្នុងការធ្វើសកម្មភាព និងមានបិតមុចផងដែរ។

នេះតាមរបាយការណ៍ពីប្រទេសថៃ បានឲ្យដឹងថា អំពើប្លន់នេះបានកើតឡើងនៅវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចហាងលក់មាសមួយកន្លែងយីហោ «G 99» ក្នុងបរិវេណផ្សាររោងក្លឿប៉ែកខាងមុខចំច្រកឆ្ពោះទៅកាន់ច្រកទ្វារអន្តរជាតិ ខ្លងលឹក ក្នុងស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ។

បើតាមការពិនិត្យទៅលើកាមេរ៉ាសុវត្ថិភព ក៏ដូចជាការសាកសួរទៅលើបុគ្គលិកដែលបានត្រូវជនសង្ស័យភ្ជង់ បាននិយាយថា ជនសង្ស័យជាមនុស្សប្រុសអយុប្រហែល៤០ឆ្នាំ ពាក់មួកកន្តិបពណ៌ស្វាយ ពាក់អាវដៃវែងពណ៌ខ្មៅ និងមានកម្ពស់ប្រហែល១,៧០ម៉ែត្រ បានដើរចូលទៅក្នុងហាង ព្រមទាំងដកកាំភ្លើងខ្លីចេញពីហោប៉ាវភ្ជង់ទៅលើបុគ្គលិក ហើយបានចូលទៅប្រមូលយកគ្រឿងអល័ង្កាមួយចំនួន ដែលផលិតឡើងអំពីមាសសុទ្ធ រួចគេចខ្លួនចេញទៅបាត់ដោយសុវត្ថិភាព។

ក្រោយពេលសមត្ថកិច្ចថៃចុះពិនិត្យ គឺបានប្រទះឃើញជនសង្ស័យបោះកាំភ្លើងខ្លីចោលនៅក្បែរហាង ដោយកាំភ្លើងនោះ គឺជាកាំភ្លើងក្លែងក្លាយ រួចគេបានរត់គេចចូលទៅក្នុងផ្សាររោងក្លឿបាត់ស្រមោល។ ដោយឡែក មាសដែលគេយកទៅបានប្រហែល២៨បាត (ទម្ងន់នៅប្រទេសថៃ) ដោយ១បាត ស្មើនិង៤ជី ដូច្នេះបើសរុប គឺមានទម្ងន់១៥០ជី (១៥តម្លឹង២ជី)។

បើតាមក្រុមតម្រួតថៃ បានចាត់កម្លាំងឲ្យត្រួតពិនិត្យគ្រប់ច្រកល្ហក ទៅតាមភិនភាគដែលកាមេរ៉ាសុវត្ថិភាពថតបាន ប៉ុន្តែគេក៏បានសម្តែងនូវការព្រួយបារម្ភតែម៉្យាងគត់ គឺខ្លាចជនសង្ស័យ  គេចខ្លួនឆ្លងដែនចូលមកកាន់ប្រទេសកម្ពុជា ព្រោះផ្សារនេះស្ថិតនៅជាប់នឹងខ្សែបន្ទាត់ព្រំដែន ដែលគេសង្ស័យថា អាចគេចខ្លួនចូលមកក្នុងទឹកដីខ្មែរយើង ហើយខាងសមត្ថកិច្ចកម្ពុជា ក៏បានធ្វើការស្រាវជ្រាវផងដែរ៕

Loading...