ប៉ូលិសប៉ុស្តិ៍ផ្សារថ្មី១ ចេញល្បាត​រក្សាសន្តិសុខ​សុវត្ថិភាព បែរជា​ខ្យល់គ ធ្លាក់ពីលើម៉ូតូ…

November 03, 2018 1333

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ផ្សារថ្មីទី១ មួយរូប បានដួលធ្លាក់ពីលើម៉ូតូ សន្លប់បាត់បង់ស្មារតី ខណៈកំពុងខិតខំបំពេញភារកិច្ចទាំងយប់ទាំងថ្ងៃ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី២ ខែវិច្ឆិកា​ ឆ្នាំ២០១៨ នៅត្រង់ចំណុចម្ដុំផ្សាររាត្រី ផ្លូវព្រះស៊ីសុវត្តិ កែងផ្លូវ១០៨ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ​។

មន្រ្តីនគរបាល​រងគ្រោះមាន​ឈ្មោះ​ ប៉ុក ធា អាយុ៥១ឆ្នាំ ឋានន្តរសក្ដិ​អនុសេនីយ៍​ឯក (សក្តិ​៣) ជាមន្ត្រីនគរបាល​ប៉ុស្តិ៍រដ្ឋបាលផ្សារថ្មី១ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។

ប្រភពពី​មន្ត្រីនគរបាល​ប៉ុស្តិ៍ផ្សារថ្មី១​ បានប្រាប់ឲ្យដឹង​ថា ដំបូងឡើយនៅមុនពេលកើតហេតុ នគរបាលរងគ្រោះបានត្អូញត្អែរ​ ប្រាប់មន្ត្រីនគរបាលវេនល្បាតជាមួយគ្នាថា រូបគាត់មិនសូវស្រួលខ្លួនទេ​ ដោយមិនសូវបានសម្រាក និងបានបំពេញការងារទាំងយប់ទាំងថ្ងៃ​ ច្រើនថ្ងៃជាប់ៗហើយ​ ថែមទាំងព្រលឹមឡើងត្រូវចុះការពារ(P)ទៀត តែទោះបីជាយ៉ាងនេះក៏ដោយ ក៏នគរបាលរងគ្រោះបានខិតខំតស៊ូបំពេញភារកិច្ច​ ​តាមតួនាទី​របស់​ខ្លួនក្នុងនាមជាកងកម្លាំង ដោយបន្តធ្វើការចេញល្បាត​ការពារសុវត្ថិភាព​ជូន​ប្រជាពលរដ្ឋក្នុងមូលដ្ឋាន​របស់ខ្លួន​ ហើយខណៈពេលកំពុងជិះម៉ូតូល្បាតតាម​ភូមិសាស្ត្រ​ មកដល់ម្ដុំផ្សាររាត្រី ផ្លូវព្រះស៊ីសុវត្តិ កែងផ្លូវ១០៨ ស្ថិតក្នុងសង្កាត់វត្តភ្នំ ស្រាប់តែមន្ត្រីនគរបាលខាងលើ ក៏ខ្យល់​គ បណ្ដាលឲ្យដួលធ្លាក់ពីលើម៉ូតូ សន្លប់បាត់បង់ស្មារតីតែម្ដង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុ​និងសមត្ថកិច្ចដែលល្បាត​ជាមួយគ្នាជួយសង្គ្រោះ​បឋម​ រួចទាក់ទងរថយន្តសាមុយអោយមក​ដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗដើម្បីសង្រ្គោះបន្ទាន់។

ក្រោយពីទទួលបានដំណឹងខាងលើ នៅព្រឹកថ្ងៃទី២​ ខែវិច្ឆិកា​ ឆ្នាំ២០១៨នេះ លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ​ បានដឹកកម្លាំងមន្ត្រីនគរបាលក្រោមឱវាទ ចុះសួរ​សុខទុក្ខ ដល់គេហដ្ឋានរបស់មន្រ្តីនគរបាលដែលខ្យល់​គ ដួលធ្លាក់ពីលើម៉ូតូ សន្លប់បាត់បង់ស្មារតីខាងលើនេះ ដោយបានឧបត្ថម្ភជាថវិកាចំនួន១លានរៀល​ រួមនឹងគ្រឿងឧបភោគបរិភោគ មួយចំនួនទៀតផងដែរ។

លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ បានពាំនាំនូវការសាកសួរសុខទុក្ខ និងយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម​ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ​ ហើយបានសួរសុខទុក​ និងជំរាបទៅសមុីខ្លួន​ ដូចជាក្រុមគ្រួសារ គឺធ្វើឡើងតាមការ ណែនាំដូចជាតាមប្រសាសន៍ដឹកនាំរបស់ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ។

ជាចុងក្រោយ​លោក​អនុសេនីយ៍​ឯក​ ប៉ុក ធា​ មន្ត្រីនគរបាល​ប៉ុស្តិ៍ផ្សារថ្មី១​ ដែលមានបញ្ហាសុខភាពនោះ​ ព្រមទាំងក្រុមគ្រួសារទាំងមូល បានថ្លែងអំណអរគុណនៅអារម្មណ៍ពិត ចេញពីបេះដូង ដោយមានភាព រំភើបរីករាយ ក្រៃលេង រកអ្វីប្រៀបផ្ទឹមពុំបាន ដោយមានការយកចិត្តទុកដាក់ខ្ពស់ ផ្តល់កម្លាំងចិត្ត ចំពោះកូនចៅ ក្រោមឱវាទ ក៏ដូចជាក្រុមគ្រួសារទាំងមូលផងដែរ៕

Loading...