ក្រុម Hackers មានទំនាក់ទំនង​ជាមួយកូរ៉េខាងជើង​ កំពុងវាយប្រហារ​ព័ត៌មានវិទ្យា និងលួចលុយពីទូរ ATM នៅតាមបណ្ដា​ប្រទេស​ជាច្រើន

November 09, 2018 144

ម៉ូស្គូ ៖ បើយោងតាម​របាយការណ៍​ថ្មីមួយ​ដកស្រង់​ដោយ​សារព័ត៌មាន Sputnik ​នៅព្រឹកថ្ងៃសុក្រ តី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចេញផ្សាយថា ក្រុម Hackers ឈ្មោះ ឡាហ្សារើស (Lazarus Group​) ដែលត្រូវបាន​គេជឿជាក់ថា មានទំនាក់ទំនង​ជាមួយកូរ៉េខាងជើង​ កំពុងដឹកនាំការវាយប្រហារ​ព័ត៌មានវិទ្យា ដើម្បីលួចលុយចេញ​ពីទូរ ATM នៅតាមបណ្ដា​ប្រទេស​ជាច្រើន។

របាយការណ៍​ថ្មីមួយចេញផ្សាយ​ដោយក្រុមហ៊ុនសន្តិសុខ​ព័ត៌មានវិទ្យា ស៊ីមិនតិច (Symantec) នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ បានចោទ​ប្រកាន់ក្រុម Lazarus ថា កំពុងដឹកនាំការវាយប្រហារព័ត៌មានវិទ្យា លើស្ថាប័នហិរញ្ញវត្ថុនានា តាមរយៈការ​វាយប្រហារឈ្មោះ «FASTCash» ដែលមានគោលដៅ​លើទូរ ATM នៅតាមបណ្ដា​ប្រទេសជាច្រើន​ ក្នុងរយៈពេលប៉ុន្មានឆ្នាំ​ចុងក្រោយនេះ។

ក្រុមហ៊ុន Symantec បានបន្ថែមថា កាលពីឆ្នាំ២០១៧ ក្រុម Lazarus បានវាយប្រហារ​ព័ត៌មានវិទ្យាជាមួយ​កម្មវិធីវីរុស Trojan.Fastcash ដើម្បីលួច​លុយរាប់លានដុល្លារ​ចេញពីទូរ ATM ក្នុងប្រទេសចំនួន ៣០ ផ្សេងពីគ្នា និង​នៅឆ្នាំ២០១៨ នៅក្នុងប្រទេស​ចំនួន ២៣។ លើសពីនេះ​ទៅទៀត ក្រុមហ៊ុនមួយនេះ​ក៏បានអះអាងដែរថា តាមរយៈកម្មវិធីវីរុស Trojan.Fastcash ក្រុម Hackers កូរ៉េខាងជើង​បានបង្កើត និងបញ្ជូនសំណើ​ដកលុយក្លែងក្លាយ​ទៅកាន់ធនាគារ ដែលអនុញាត​ឱ្យពួកគេលួចលុយ​ចេញពីទូរ ATM​។

គួរបញ្ជាក់ថា បើតាម​ក្រុមហ៊ុន Symantec Lazarus Group គឺជាក្រុម Hackers ​ដ៏សកម្មមួយក្នុង​ការប្រព្រឹត្តឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា និងស៉ើបការណ៍សម្ងាត់ ហើយមិនតែប៉ុណ្ណោះក្រុមមួយនេះ​ ក៏ត្រូវបានគេចោទថា មានជាប់ពាក់ព័ន្ធនឹងការ Hack ​ក្រុមហ៊ុន Sony Pictures កាលពី​ឆ្នាំ២០១៤ និងបង្កើត​កម្មវិធី WannaCry ជំរិតទារប្រាក់​ពីអ្នកប្រើប្រាស់កុំព្យូទ័រ​ កាលពីឆ្នាំ២០១៧ ផងដែរ៕

Loading...