ភ្លើងឆេះព្រៃ​នៅរដ្ឋកាលីហ្វ័រញ៉ា​ពិតជាធំធេង​ខ្លាំង បើមើលតាម​រូបភាព​ពីផ្កាយរណប

November 12, 2018 149

អាមេរិក ៖ ខណៈភ្លើងឆេះព្រៃនៅ​តែបន្តលុកលុយ នៅក្នុងរដ្ឋកាលីហ្វរញ៉ា រូបភាពថ្មីៗដែល​ថតពីផ្កាយរណប​បាន​បង្ហាញ​​ឲ្យ​​ឃើញ ពីទំហំដ៏ធំសម្បើម​នៃភ្លើងឆេះព្រៃ Camp Fire ដែលបានបង្កការ​បំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ​​លើទីក្រុង Paradise នៅ​ភាគខាងជើងរដ្ឋ។

រូបភាពថ្មីៗនៃ​ភ្លើងឆេះព្រៃដ៏អាក្រក់​ខាងលើ ដែលថតបានដោយ​​​ផ្កាយរណប DigitalGlobe's WorldView 3 បាន​បង្ហាញ​​ពីទិដ្ឋភាព​ស្ទើរតែមិនគួរឲ្យ​ជឿរបស់ Camp Fire ខណៈដែលវានៅ​តែបន្តរីករាលដាលខ្លាំង​ឡើងៗ នៅតំបន់ភាគខាងជើង​កាលី​ហ្វរញ៉ា។ ​រូបភាពពីផ្កាយរណប​ដែលមានពណ៌​ធម្មជាតិ បានឲ្យឃើញពី​​ដុំផ្សែងក្រាស់​​នៃអណ្តាតភ្លើង​​នៅជុំវិញ​​​​​ក្រុង​ដទៃៗ​ទៀតក្បែរទីក្រុង ផារ៉ាដាយស៍ (Paradise) រីឯរូបភាពមួយ​ចំនួន​ទៀត​​​ដែលថត​ដោយ​ប្រើ​បច្ចេកវិទ្យា Shortwave Infrared របស់​ផ្កាយរណប WorldView-3 អាចមើលឃើញ​កាត់ដុំផ្សែង ឃើញពីអណ្តាត​ភ្លើងផ្ទាល់​តែម្តង។

គួរជម្រាបថា Camp Fire ​ដែលលេចរូបរាងឡើង​កាលពីថ្ងៃព្រហស្បតិ៍​កន្លងទៅ បានក្លាយជា​ភ្លើងឆេះ​ដ៏ប្រល័យបំផុត​​​​មួយ​ ប្រចាំរដ្ឋ​កាលីហ្វរញ៉ា ដោយវាបានឆក់​យកជីវិតមនុស្ស​កើនដល់ ២៩នាក់។ ក្រៅពីនេះ​ផ្ទៃដីរាប់ម៉ឺនហិកតា​ត្រូវបាន​ឆាបឆេះ​ ទីក្រុង Paradise បានរងការបំផ្លិច​បំផ្លាញ​ធ្ងន់ ខណៈវាទើប​ត្រូវគេគ្រប់គ្រង​បានប្រហែល ២០ភាគរយ​ប៉ុណ្ណោះ​។

លើសពីនេះ​ទៀតនោះ ភ្លើងឆេះព្រៃធំៗ​ចំនួន ០២ផ្សេងទៀត ក៏កំពុងវាយលុក​ភាគខាងត្បូងកាលីហ្វរញ៉ា​ផងដែរ ដោយ​ពួកវាមាន​ឈ្មោះថា Woolsey Fire ដែលបានដុតបំផ្លាញដី​ប្រមាណ ០៤ម៉ឺនហិកតា ទើបត្រូវគ្រប់គ្រង​បាន ០៥ភាគរយ រីឯ​មួយទៀតឈ្មោះ Hill Fire ដែលបានឆាបឆេះ​ផ្ទៃដីទំហំ​​ ០២ពាន់ហិកតា និងទើបត្រូវគ្រប់គ្រង​បាន ​៦៥ភាគរយ។ Woolsey Fire ក៏បានផ្តាច់​ជីវិតមនុស្ស ០២នាក់ផងដែរ៕

Loading...