គ្រោះទឹកជំនន់ និងបំណាក់ដី​ សម្លាប់ជី​វិត​មនុស្សយ៉ាងតិច ១២នាក់ នៅវៀតណាម

November 19, 2018 173

ហាណូយ ៖ ​សារព័ត៌មាន​ Channel News Asia នៅព្រឹក​ថ្ងៃ​ចន្ទ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចេញផ្សាយឲ្យដឹងថា គ្រោះទឹកជំនន់ និងបំណាក់ដី​បានសម្លាប់ជី​វិត​មនុស្សយ៉ាងតិច ១២នាក់ ដោយសារ​មានការ​ធ្លាក់​​ភ្លៀង​ខ្លាំង​​ជាប់​ៗ​គ្នា​ប៉ុន្មានថ្ងៃនេះ​ នៅ​ភាគ​កណ្តាល​ប្រទេស​វៀតណាម។

អំឡុងប៉ុន្មាន​ថ្ងៃនេះ​ភ្លៀងបានធ្លាក់យ៉ាងជោគជាំ​នៅខេត្ត កាញ់ហាវ (Khanh Hoa) ភាគកណ្តាល​វៀតណាម ដោយសារឥទ្ធិពល​​នៃព្យុះត្រូពិច តូរ៉ាជិ (Toraji) ដែលមក​ពីសមុទ្រចិនខាងត្បូង និងបង្កឲ្យមាន​បំណាក់ដី​ដែលបានបំផ្លិចបំផ្លាញ​ផ្ទះសម្បែង​ជា​ច្រើន​ខ្នង។ ស្របពេលដែល​ចំនួនមនុស្សស្លាប់​នាពេលនេះមាន ១២នាក់ ការរុករក​ជនរងគ្រោះមួយចំនួន​ទៀត​​ដែល​អាច​បាត់​បង់ជីវិត កំពុងតែបន្ត​ប្រព្រឹត្តទៅ។

គួរជម្រាបថា ជារឿយៗ​នាអំឡុង ៦ខែ ចុងក្រោយជារៀងរាល់ឆ្នាំ​ប្រទេស​វៀតណាម ​​តែងទទួលរង​ការធ្លាក់ភ្លៀងខ្លាំង ​ដោយសារតែ​ឥទ្ធិពលព្យុះ ខណៈគិតចាប់តាំងពី​ខែមករាដើមឆ្នាំនេះ​មនុស្ស​យ៉ាង​តិច​ ១៨៥នាក់​ បាន​ស្លាប់​​ដោយ​សារ​គ្រោះមហន្ត​​រាយ​​ធម្មជាតិ​នៅទូទាំង​ប្រទេស៕

Loading...