កាំកុត្រូលខេត្តសៀមរាប រកឃើញមឹកចំនួន៣.៥០គីឡូក្រាម មានសារធាតុគីមីហាមឃាត់ នៅផ្សារសម្ដេចតេជោ ដើមក្រឡាញ់

November 26, 2018 144

សៀមរាប ៖ មន្រ្តីសាខាកាំកុត្រូលខេត្តសៀមរាប និងអាកាសយាន្តដ្ឋានអន្តរជាតិខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារ​ បានចុះត្រួតពិនិត្យទំនិញ ដែលដាក់តាំងលក់នៅក្នុងផ្សារសម្ដេចតេជោ ដើមក្រឡាញ់ មានទីតាំងនៅភូមិត្រពាំងសេះ ឃុំគោកចក ស្រុកសៀមរាប ខេត្តសៀមរាប។

លោក​ ព្រៅ ខេមរិទ្ធ ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយាន្តដ្ឋានអន្តរជាតិខេត្តសៀមរាប បានឲ្យដឹងថា នៅក្នុងឱកាសចុះអង្កេតទំនិញ នៅផ្សារសម្ដេចតេជោ ដើមក្រឡាញ់ មន្រ្ដីរបស់លោកបានធ្វើការវិភាគបឋម ដោយប្រើតេស្ដឃីតលើម្ហូបអាហារ​ ទៅលើផលិតផលចំនួន១៦គំរូ ដូចជា​៖ សណ្តែកបណ្តុះ សរសៃមីលឿង មីលឿងសំប៉ែត លត គុយទាវសរសៃ (ធំ-តូច) គុយទាវ (ភ្នំពេញ, បាត់ដំបង) ប្រហិតសាច់គោ ជ្រក់ស្ពៃ ខ្ញីហាន់ មឹក៣គំរូ (ថៃ-កំពង់សោម) បង្គារ២គំរូ (ថៃ-កំពង់សោម)។

ជាលទ្ធផល មន្រ្ដីរបស់លោកបានរកឃើញមានវត្តមាន សារធាតុគីមីហាមឃាត់ក្នុងផលិតផលមឹក ដែលមានប្រភពមកពីប្រទេសថៃ មានផ្ទុកសាធាតុ Formaline និងបានធ្វើកំណត់ហេតុដកហូតចំនួន ៣.៥០kg។

ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលមកពី ការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់និងការដាក់លាយបន្ថែម សារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

ជាមួយគ្នានោះដែរ មន្រ្តីជំនាញបានធ្វើការណែនាំដល់អាជីវករអោយយល់ដឹងអំពីសុវត្ថិភាពម្ហូបអាហារ ពិសេស​ សូមកុំផលិត ឬយកទំនិញគ្មានគុណភាព ឬ មានសារធាតុគីមីហាមឃាត់មកដាក់តាំងលក់ ព្រោះនាំឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់៕

Loading...