ក្លិប​ណាហ្គាវើល នឹងទទួល​បាន៤ម៉ឺនដុល្លារ ពី AFC ក្នុង​ការ​ប្រកួត​ពាន​​អាស៊ី AFC Cup 2019

November 27, 2018 187

ភ្នំពេញ ៖ លោក ឆាំង ពិសិដ្ឋ លេខាធិការប្រតិបត្តិ នៃគណៈកម្មការប្រកួតបាល់ទាត់ជាតិ បានបង្ហើបថា ការធ្វើដំណើរទៅប្រកួតក្រៅដីរបស់ណាហ្គាវើល ក្នុងការប្រកួតដណ្តើមពានរង្វាន់ AFC Cup 2019 នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន៤ម៉ឺនដុល្លារ ពីសហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបអាស៊ី AFC។

លោកបញ្ជាក់ថា ប្រាក់ឧបត្ថម្ភការធ្វើដំណើរនៅក្រៅដី ឬហៅថា Travel Subsidy កើនឡើងទ្វេដង ព្រោះឆ្នាំមុន ទទួលបានត្រឹមតែ២ម៉ឺនដុល្លារប៉ុណ្ណោះ ខណៈការប្រកួតក្នុងផ្ទះ មិនទទួលបានប្រាក់ឧបត្ថម្ភនេះពី AFC នោះទេ។

ការប្រាប់ព័ត៌មានឲ្យដឹងនេះ បន្ទាប់ពីលោក ឆាំង ពិសិដ្ឋ ទៅចូលរួមក្នុងពិធីចាប់ឆ្នោត AFC Cup នៅក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីកាលពីសប្ដាហ៍មុន រីឯប្រាក់រង្វាន់ជើងឯក AFC Cup 2019 នឹងទទួលបាន ១,៥លានដុល្លារ ហើយជើងឯករងទទួលបាន ៧៥០,០០០ ដុល្លារដូចឆ្នាំមុនដែរ។

ក្រោយចាប់ឆ្នោតរួច ណាហ្គាវើល ស្ថិតនៅពូល F ជាមួយ Hanoi FC របស់វៀតណាម, Tampines Rovers របស់សិង្ហបុរី និង Yangon United/Zwekapin United របស់មីយ៉ាន់ម៉ា។ ណាហ្គាវើល ប្រកួតបើកឆាកដោយទៅសួរសុខទុក្ខម្ចាស់ផ្ទះ Hanoi FC នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខ មុនទទួលភ្ញៀវ Yangon United/Zwekapin United របស់មីយ៉ាន់ម៉ានៅទឹកដីកម្ពុជា៕

Loading...