យានរុករកផ្ទៃក្នុងភពអង្គារ InSight របស់អង្គការ NASA បានចុះចតដោយជោគជ័យ នៅលើផ្ទៃភពព្រះអង្គារ

November 27, 2018 191

សហរដ្ឋអាមេរិក ៖ វែបសាយ​របស់អង្គការ NASA នាព្រឹកថ្ងៃអង្គារ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចេញផ្សាយថា នៅមុននេះ​ប៉ុន្មានម៉ោង (ពេលវេលា​លើផែនដី) យានរុករកផ្ទៃ​ក្នុង​ភព​អង្គារ InSight របស់អង្គការ NASA បានចុះចត​ដោយជោគជ័យហើយ នៅលើផ្ទៃភពព្រះអង្គារ បន្ទាប់ពីការផ្សងគ្រោះ​ថ្នាក់អំឡុងពេល​នៃការព្យាយាមចុះចត​តែ ៧ ទៅ ១០នាទីប៉ុណ្ណោះ។

តំបន់ថ្មីដែល​យាន InSight ធ្វើការ​ចុះចតនោះ គឺមានឈ្មោះថា Elysium Planitia ដែលជាតំបន់ជ្រលងមួយនៅលើភព​ព្រះអង្គារ ដើម្បីបំពេញបេសកកម្ម​រយៈពេល ០២ឆ្នាំ​ តាមការគ្រោងទុក។ បន្ទាប់ពីការចុះចត​ជោគជ័យនោះ យាន InSight ក៏បានបញ្ជូនរូបភាព​មួយចំនួនពី​ផ្ទៃភពអង្គារ មកកាន់ក្រុមការងារ​អង្គការ NASA ផងដែរ រួមទាំង​រូបភាព Update មួយចំនួន ដែលត្រូវបានថត​ដោយផ្កាយរណបភ្លោះ ដែលផ្តាច់​ចេញពីយាន InSight នោះគឺ MarCo CubeSats។

គួរបញ្ជាក់ថា InSight បានចុះទៅជាន់​ដល់លើផ្ទៃ​របស់ Mars នាវេលាម៉ោង​ប្រហែល ០៣៖០០នាទី​រំលងអធ្រាត្រ ​ឈាន​ចូល​ថ្ងៃអង្គារសប្តាហ៍​នេះ (ម៉ោងនៅកម្ពុជា) ក្រោយការធ្វើ​ដំណើរសរុបចម្ងាយ ​៤៨០លានគីឡូម៉ែត្រ​ពីផែនដី។

បើតាមក្រុម​ការងារ​បេសកកម្ម InSight ក្នុងរយៈពេល​ ០២ម៉ោង មុនមុជចូលក្នុង​បរិយាកាស​របស់ Mars ​គឺមានការ​បញ្ជូនកូដ​មួយចំនួនទៀតទៅឲ្យវាជាលើកចុងក្រោយ ដែលបាន​ជួយនាំ​ផ្លូវ​យាន​​អវ​កាស​នេះ ​ឲ្យ​ធ្វើ​ការ​ចុះ​ចត​ដោយ​ជោគ​ជ័យ​​ ហើយក្រោយពីនោះអ្វីៗ​ផ្សេង​​ទៀត ត្រូវបានប្រព្រឹត្ត​ទៅក្រោមការបញ្ជា​ដោយស្វ័យប្រវតិ្ត នៅលើយាន InSight ផ្ទាល់។

InSight បានប្រើប្រាស់​ខែលពិសេសមួយ ដើម្បីទប់ទល់​កម្តៅប្រមាណ ១,៥០០អង្សាសេ នៅពេលវាទម្លាក់ខ្លួន​​ជាមួយ​ល្បឿន​​ជិត ២០,០០០គីឡូម៉ែត្រ​ក្នុងមួយម៉ោង​ឆ្លងកាត់បរិយាកាស​ភពអង្គារ។ ក្រោយមកទៀត វា​បានប្រើឆ័ត្រ​យោង​​ដើម្បី​បន្ថយល្បឿន រួច​ផ្តាច់ខ្លួនចេញ​ពីខែលការពារកម្តៅ។ ពេលនោះ InSight បានចាប់ផ្តើមបញ្ចេញ​ជើងទម្រទាំងបី​របស់​វា ហើយផ្តាច់ឆ័ត្រ​យោងចោល និង​បញ្ឆេះរ៉ុក្កែត​ទប់ល្បឿន ដើម្បីធ្វើការចុះចត​ដោយសន្សឹមៗ​នៅតំបន់ Elysium Planitia នៃ Mars ដោយជោគជ័យតែម្តង។

នៅពេលវាបានចុះ​ទៅដល់​ដោយសុវត្ថិភាពហើយនោះ InSight បានលាត​ផ្ទាំងសូឡា ហើយបញ្ចេញដៃរ៉ូបូត​របស់វា។ មិន​ដូច​ទៅនឹងយាន​ប្រភេទ Rover របស់ NASA ឡើយ InSight គឺជាប្រភេទ Lander ជាយានដែល​រចនាឡើង ដើម្បីសិក្សា​ភព​មួយ​ទាំងមូល តែវានឹងស្ថិតនៅតែមួយ​កន្លែងប៉ុណ្ណោះ។ យាន InSight ជាយានទី ៧ របស់អង្គការ NASA ដែលបានជាន់ដី​ភពអង្គារ ដោយ​ជោគជ័យ៕

Loading...